ឯកឧត្តម ជីវ ស៊ុនហេង បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ៨០នាក់ និងបំពាក់ឯកសណ្ឋានថ្មីជូនដល់ប្រជាការពារ ក្នុងឃុំកំពង់ចិនជើង ខេត្តកំពង់ធំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាការពារប្រមាណ ៨០នាក់ ព្រមទាំងបានចែកជូនឯកសណ្ឋានថ្មីដល់ប្រជាការពារ ក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ស្ថិតក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ជីវ ស៊ុនហេង បានបញ្ជាក់ថា ប្រជាការពារមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយក្តីសុខសប្បាយរីករាយ ហើយដើម្បីឱ្យការអនុវត្តការងាររបស់ប្រជាការពារកាន់តែមានប្រសិទ្ធភាព ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនជើង បានសម្រេចផ្ដល់ជូនឯកសណ្ឋានថ្មីឱ្យបានស្អាតងាយស្រួលធ្វើការ ដោយក្នុងនោះប្រជាការពារម្នាក់ៗទទួលបានសម្លៀកបំពាក់ ១កំប្លេ និងថវិកាមួយចំនួន។
ឯកឧត្តមប្រធានក្រុមការងារឃុំកំពង់ចិនជើង ក៏បានផ្ដាំផ្ញើដល់កម្លាំងប្រជាការពារទាំងអស់ ប្រសិនបើមានហេតុការណ៍ដូចជា ល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ឬបញ្ហាក្មេងទំនើង និងអំពើចោរកម្មជាដើម ត្រូវប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឬមេភូមិ ចៅសង្កាត់ ដើម្បីសហការគ្នា ឈានទៅធ្វើការបង្ក្រាបរាល់បទល្មើសទាំងនោះឱ្យបានទាន់ពេលវេលា ៕