រដ្ឋមន្ត្រីបរិស្ថាន៖ គោលដៅសំខាន់របស់ COP16 គឺដើម្បីកៀរគរថវិកាយកមកថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះ នៅតាមប្រទេសនីមួយៗ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា គោលដៅសំខាន់ របស់សន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) គឺដើម្បីកៀរគរថវិកាយកមកថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះ នៅតាមប្រទេសនីមួយៗ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីឯកឧត្តម បានចូលរួមក្នុងសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី នាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) ជាកិច្ចប្រជុំបន្ត (COP15) ដែលបានដាក់ចេញធ្វើយ៉ាងណាឲ្យសន្តិភាវូបនីយកម្មជាមួយនឹងធម្មជាតិ ក៏ដូចជាធ្វើឲ្យមានសុខដុមនីយកម្មរវាងប្រជាជន និងធម្មជាតិ ផងដែរ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឲ្យទទួលបានសន្តិភាវូបនីយកម្មរវាងប្រជាជន និងធម្មជាតិ ដាច់ខាតប្រទេសភាគីនីមួយៗត្រូវធ្វើការការពារ ថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះនៅតាមប្រទេសនីមួយៗ។ ហើយក៏ធ្វើយ៉ាងណាប្រើប្រាស់ធនធានជីវៈចម្រុះនឹងដើម្បីជួយលើកស្ទួយជីវភាពប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារដែលមានជីវៈចម្រុះ។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បាននិងកំពុងបំពេញបេកកម្ម តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងសន្ទរកថា ពីគោលនយោបាយបរិស្ថានកម្ពុជា ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដែលជាពិសេសលើភាពស្អាត ភាពបៃតង និងចីរភាព ៕