ប្រទេសថៃ មានផែនការបន្ធូរបន្ថយបំណុល និងអាចសម្រាលវិធានកម្ចីទិញផ្ទះ
បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសថៃកំពុងរៀបចំផែនការដោះស្រាយបំណុលគ្រួសារ រួមទាំងការព្យួរការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើមលើបំណុលមិនល្អមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្ដីលោករដ្ឋមន្ត្រី Pichai Chunhavajira ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ស្ថិតក្រោមសំណើច្បាប់នេះ អ្នកខ្ចីដែលមានបំណុលហួសកាលកំណត់សង់ចន្លោះពីមួយខែទៅ ១២ខែ នឹងទទួលបានការព្យួរការប្រាក់រយៈពេល ៣ឆ្នាំ និងការកាត់បន្ថយការទូទាត់ប្រាក់ដើមចំនួន ៥០ភាគរយ។
លោករដ្ឋមន្ត្រី បានបន្តថា វិធានការនេះដែលនឹងត្រូវពិភាក្សាជាមួយសមាគមធនាគារក៏នឹងរួមបញ្ចូលទាំងការពន្យាររយៈពេលបង់សង និងការអនុញ្ញាតឱ្យធនាគារពិចារណាផ្តល់ប្រាក់កម្ចីថ្មីផងដែរ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា បំណុលរបស់ក្រុមអ្នកខ្ចីប្រភេទនេះអាចត្រូវបានដោះស្រាយ។ លោកបានបន្ថែមថា បំណុលដែលហួសកាលកំណត់សងយូរជាងមួយឆ្នាំអាចនឹងពិបាកដោះស្រាយជាង។
លោក Pichai បានបន្ថែមទៀតថា ធនាគារពាណិជ្ជបានយល់ព្រមជាមួយវិធានការទាំងនេះនៅក្នុងការពិភាក្សាកន្លងមក និងបានបន្ថែមថា ក្រសួងនឹងពិចារណាជួយបង់ការចំណាយរបស់ធនាគារ ប្រសិនបើសំណើទាំងនេះត្រូវបានទទួលយក។
លោក Pichai បានថ្លែងថា សំណើទាំងនេះដើម្បីដោះស្រាយបំណុលនឹងជួយឱ្យកូនបំណុលកម្ចីលក់រាយរៀបចំបំណុលរបស់ពួកគេឡើងវិញ និងមានលទ្ធភាពទទួលបានឥណទានបន្ថែមទៀត។
ប្រទេសថៃមានអនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុបចំនួន ៨៩,៦ភាគរយគិតត្រឹមដំណាច់ខែមិថុនា ស្មើនឹង ១៦,៣ពាន់ពាន់លានបាត (៤៨២ពាន់លានដុល្លារ) ដែលជាកម្រិតខ្ពស់មួយចំណោមប្រទេសនៅអាស៊ី។
លោក Pichai ក៏បានបញ្ជាក់ផងដែរថា លោកនឹងពិភាក្សាអំពីការបន្ធូរបន្ថយវិធានកម្ចីធៀបនឹងតម្លៃជាមួយធនាគារកណ្តាល ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។