ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម
ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីចុះចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ។
ទន្ទឹមនឹងនេះ ផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាលំនឹងថ្លៃ កាត់បន្ថយថ្លៃដេីមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម កែលម្អជីវភាព និងធានាបាននូវសន្តិសុខស្បៀងផងដែរ។
បេីតាម ឯកឧត្តមរដ្ឋមន្រ្តី ការទទួលស្តាប់នូវយោបល់ណែនាំ និងសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺពិតជាមានសារៈសំខាន់ ដេីម្បីដឹង ពីការព្យាករណ៍ធាតុអាកាស បម្រែបម្រួលអាកាសធាតុ កាត់បន្ថយនូវផលប៉ះពាល់ ដោយមិនប្រថុយធ្វេីស្រែទាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់។
លេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំនូវពូជស្រូវសែនក្រអូប ដែលជាពូជស្រូវកម្ពុជា មានគុណភាពល្អ មានទីផ្សារលក់បានថ្លៃ និងត្រៀមអ្នកទទួលទិញផងដែរ ប្រការសំខាន់ត្រូវមានការផលិតជាលក្ខណៈសហគមន៍កសិកម្មទំនេីប ដែលមានបច្ចេកទេសត្រឹមត្រូវ មានផែនការច្បាស់លាស់ មានធនធានមនុស្ស និងទុនគ្រប់គ្រាន់។
សូមបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវពូជចំនួន ២៩៨.៦តោន ជូនដល់កសិករចំនួន ២ ៩៨៦ គ្រួសារ ទូទាំងខេត្តខេត្តកំពង់ចាម៕