ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត ក្រោមកិច្ចសហការរៀបចំដោយទីប្រឹក្សាបច្ចេកទេស កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១(WAT4CAM Phase I–TA-ISWM) ក្រោមជំនួយរបស់សហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំកម្ពុជា។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំលើកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត គឺជាឯកសារគតិយុត្តដែលមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយបរិយាបន្ន ហើយប្រមូលផ្តុំជាក្របខ័ណ្ឌឯកសាររួម សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក និងការបែងចែកទឹកនៅក្នុងដែនប្រព័ន្ធធារាសាស្ត្រប្រកបដោយចីរភាព ដោយមានការលើកកម្ពស់ការចូលរួមរបស់សហគមន៍ប្រកបដោយគុណាធិបតេយ្យ និងផ្តល់នូវយន្តការសម្រាប់ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងស័ក្តិសិទ្ធិភាព។
សូមបញ្ជាក់ថា ឯកសារគតិយុត្តដែលត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះរួមមាន៖ ទី១).ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ការចុះបញ្ជី និងការគ្រប់គ្រងស.ក.ប.ទ., ទី២).ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទលើការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តក្នុងក្របខ័ណ្ឌស.ក.ប.ទ., ទី៣).ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ. និងទី៤).ប្រកាសស្តីពីការដាក់ឱ្យប្រើនូវគោលការណ៍ណែនាំសម្រាប់ដំណើរការអនុវត្តការងាររបស់ស.ក.ប.ទប្រកបដោយនិរន្តរភាព ៕