សម្តេចតេជោ ស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ដោយសម្តេចបានបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»។
ការស្នើរបស់សម្ដេចតេជោបែបបានធ្វើឡើងភ្លាមៗបន្ទាប់ពីឃើញវីដេអូសារភាព និងសូមទោសរបស់ លោក លី សាម៉េត ចំពោះកំហុសរបស់ខ្លួនកន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។
ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួន ឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»៕