មកដឹងពីគន្លឹះការពារទិន្នន័យ ដើម្បីជៀសវាងការវាយប្រហារពីក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងយុគសម័យឌីជីថល ទិន្នន័យ (Data Protection) ពិតជាសំខាន់ខ្លាំងណាស់ចំពោះនីតិបុគ្គល រូបវន្តបុគ្គល និងស្ថាប័នរដ្ឋនានា ដែលទាមទារឱ្យមានការរក្សា ឱ្យមានសុវត្ថិភាពបំផុត។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បញ្ជាក់ថា បច្ចុប្បន្នឧក្រិដ្ឋជនបច្ចេកវិទ្យាបានធ្វើការវាយប្រហារលើគ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងជនរងគ្រោះក្នុងគោលបំណងលួចយកទិន្នន័យ និងគំរាមកំហែងយកប្រាក់ជាដើម។
បន្ថែមលើនេះទៅទៅទៀតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញគន្លឹះចំនួន ៤ ក្នុងការការពារទិន្នន័យ៖
ទី១. ចាត់ថ្នាក់ប្រភេទទិន្នន័យដែលមាននៅក្នុងអង្គចងចាំឧបករណ៍ឌីជីថល ឬក្រដាសឯកសារជាដើម ដោយអនុវត្តគោលការណ៍ការពារទិន្នន័យស្របតាមលក្ខណៈស្ដង់ដារបច្ចេកទេសដែលបានកំណត់ដោយអ្នកបច្ចេកទេសនៅក្នុងស្ថាប័ន។
ទី២. ចាត់ចែង និងរៀបចំយន្តការការពារទិន្នន័យសំខាន់ៗ ដូចជា ទិន្នន័យសម្ងាត់ផ្ទាល់ខ្លួន ទិន្នន័យគណនីធនាគារ ទិន្នន័យស្តុកប្រើប្រាស់ (Stock Inventory) ជាដើម ឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស។
ទី៣. ប្រើប្រាស់ឧបករណ៍បច្ចេកទេស និងកម្មវិធីការពារទិន្នន័យសំខាន់ៗលើឧបករណ៍ឌីជីថលដើម្បីការពារការលួចយកទិន្នន័យពីឧក្រិដ្ឋជនបច្ចេកវិទ្យា។
ទី៤. ប្រសិនបើទិន្នន័យត្រូវបានឧក្រិដ្ឋជនលួចយក ត្រូវប្រឹក្សាជាមួយអ្នកជំនាញ ឬដាក់ពាក្យប្តឹងមកកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយរកដំណោះស្រាយ៕