ឯកឧត្តម ប៊ុន ហ៊ាន បើកវគ្គបណ្ដុះបណ្តាលលើកទី៣ ស្ដីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ KAMPUS ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី៣ ស្តីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្តុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ។
សូមជម្រាបថា វគ្គបណ្ដុះបណ្តាលនេះរៀបចំឡើងដោយគម្រោងស្តង់ដាប្រព័ន្ធធារាសាស្ត្រនៅកម្ពជា ដែលជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ហើយដែលវគ្គនេះមានរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានការចូលរួមពីមន្ត្រីបច្ចេកទេសមកពីនាយកដ្ឋាននានាក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីររាជធានី-ខេត្តទាំង២៥ សរុបចំនួន ៨០នាក់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ក្នុងការផ្តល់និងការបំពេញបន្ថែមនូវចំណេះដឹងលើផ្នែករៀបចំផែនការ ការសិក្សាគ្រោងប្លង់ ការសាងសង់ និងការគ្រប់គ្រងការសាងសង់ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាជូនដល់មន្ត្រីបច្ចេកទេសទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិរបស់ក្រសួងធនធានទឹក និងឧតុនិយម៕