រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត
ភ្នំពេញ៖ ក្នុងសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត ស្របពេលកន្លងទៅនេះយើងបានធ្វើកិច្ចការ នេះជាច្រើនមកហើយ បើទោះបីជាយើងមិនទាន់មានផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកក៏ដោយចុះ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលធាតុចូលដែលជាផ្នែកមួយដ៏សំខាន់មុននឹងផែនការជាតិត្រូវបានដាក់ចេញឱ្យអនុវត្ត សម្រាប់ការប្រយុទ្ធនឹងជំងឺមហារីក ដែលជាឃាតកលាក់មុខឱ្យទទួលបានជោគជ័យ។
បើតាមលោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានឱ្យដឹងថា នាពេលបច្ចុប្បន្នកត្តាកំណើនអាយុ ការវិវឌ្ឍន៍សកលភាវូបនីយកម្ម និងនគរូបនីយកម្ម រួមផ្សំនិងរបៀបរស់នៅដែលមិនមានសុខភាពល្អ បានធ្វើឱ្យជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយថា ក្នុងចំណោមករណីស្លាប់ទាំងអស់មាន៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ ដែលតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំមានអ្នកស្លាប់បណ្តាលមកពីជំងឺមហារីកប្រហែល១០លាននាក់ ក្នុងនោះ៧៥ភាគរយ នៅប្រទេសមានចំណូលទាប និងមធ្យម។
លោកជំទាវបានបន្តថា ដោយឡែកនៅប្រទេសកម្ពុជា ជំងឺមិនឆ្លង កំពុងតែកើនឡើងដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០.០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ១៤ភាគរយ ហើយថាតាមការប៉ាន់ប្រមាណនៅកម្ពុជាមានករណីជំងឺមហារីកថ្មីចំនួន១៩.៧៩៥នាក់ ក្នុងនោះ១០.៦២៤ករណីជាស្ត្រី ហើយជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេក្នុងចំណោមជំងឺមហារីកទាំងអស់ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺ ជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត។
លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហានេះឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក៏ដូចជាការចូលរួមអភិវឌ្ឍវិស័យសុខាភិបាលឱ្យឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ក្រុមការងារក៏បានផ្តួចផ្តើមរៀបចំកសាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ ដោយនៅក្នុងដំណើរការនៃការរៀបចំនេះការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា គឺជាជំហានមួយដែលមិនអាចខ្វះបានដើម្បីធានាបាននូវភាពល្អិតល្អន់ និងគុណភាព៕