អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនពលតូចដឹកជញ្ជូនលេខ៩០
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់អាវរងារចំនួន៣០១អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់គ្រប់បណ្ដាអង្គភាពទាំងអស់ចំណុះកងពល ត្រូវយកទៅចែកជូនដល់ដៃកងកម្លាំងទាំងអស់ដែលអង្គភាពនីមួយៗកំពុងគ្រប់គ្រង។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានមានប្រសាសន៍ថា៖ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ បានសបញ្ជាក់ឱ្យយើងទាំងអស់គ្នាឃើញយ៉ាងច្បាស់នូវទឹកចិត្តមហាសប្បុរស របស់សម្ដេចទាំងទ្វេនៅគ្រប់កាលៈទេសៈតែងតែយកចិត្តទុកដាក់ដល់សុខភាពរស់នៅរបស់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពល ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយសូមគោរពជូនពរដល់សម្ដេចទាំងពីរ និងក្រុមគ្រួសារ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕