ហ្វីលីពីន ធ្វើលំហាត់សឹកដណ្តើមយកកោះមួយនៅសមុទ្ទចិនខាងត្បូង ទំនងធ្វើឱ្យចិនក្ដៅស្លឹកត្រចៀកជាថ្មី
ម៉ានីល៖ យោធាហ្វីលីពីនបានបើកសមយុទ្ធប្រយុទ្ធរយៈពេលពីរសប្តាហ៍ នៅថ្ងៃទី៤ ខែវិច្ឆិកា ដែលនឹងរួមបញ្ចូលការដណ្តើមកោះមួយនៅក្នុងសមុទ្ទចិនខាងត្បូងដែលមានវិវាទ ហើយទំនងជានឹងធ្វើឱ្យប្រទេសចិនក្ដៅស្លឹកត្រចៀកជាថ្មី។
ទ័ពជើងទឹក និងទ័ពអាកាសហ្វីលីពីនជាង៣០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ខណៈមន្ត្រីយោធាហ្វីលីពីនបានអះអាងថា មិនមានទិសដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។ មហាយក្សចិន បានពង្រីកឥទ្ធិពលយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយបានអះអាងកាន់តែខ្លាំងឡើងក្នុងការបន្តការទាមទារទឹកដីនៅសមុទ្ទចិនខាងត្បូង ដែលខ្លួនទាមទារស្ទើរតែទាំងស្រុង។ ភាពតានតឹងបាននាំឱ្យមានការប្រឈមមុខដាក់គ្នាញឹកញាប់ជាងមុន ជាចម្បងជាមួយហ្វីលីពីន និងវៀតណាម ស្របពេលដែលជម្លោះដែនទឹកយូរអង្វែងក៏មានជាប់ពាក់ព័ន្ធនឹងម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ផងដែរ។ កាលពីខែមុន ឥណ្ឌូណេស៊ីបានរាយការណ៍ថា នាវាល្បាតរបស់ខ្លួនបានបណ្តេញនាវាឆ្មាំឆ្នេរសមុទ្ទចិន ដែលរំខានដល់ការស្ទាបស្ទង់ធ្វើឡើងដោយក្រុមហ៊ុនថាមពលរដ្ឋនៅក្នុងផ្នែកមួយនៃសមុទ្ទចិនខាងត្បូង។
ប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន លោកឧត្តមសេនីយ៍ រ៉ូមីអូ ប្រោនន័រ (Romeo Brawner) បានថ្លែងនៅក្នុងពិធីបើកសមយុទ្ធនេះថា៖«បេសកកម្មរបស់យើងថ្ងៃនេះ គឺដើម្បីរៀបចំខ្លួនយើងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីខាងក្រៅ ដែលអាចប្រឈមនឹងអធិបតេយ្យភាពរបស់យើង»។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍៍ឯក ម៉ៃឃើល ឡូជីកូ (Michael Logico) បានឱ្យដឹងថា សមយុទ្ធនេះ នឹងរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើកាំភ្លើងធំ និងកាំភ្លើងវាយប្រហារ និងសមយុទ្ធចុះចតនៅឆ្នេរសមុទ្ទ។ ក្រោយត្រូវបានសាកសួរថា តើចិនអាចនឹងមានប្រតិកម្មយ៉ាងណាចំពោះសមយុទ្ធនេះ? លោក ឡូជីកូ បានប្រាប់អ្នកយកព័ត៌មានថា លោករំពឹងថា កងកម្លាំងចិននឹងឃ្លាំមើលពីចម្ងាយ ប៉ុន្តែបានបន្ថែមថា ពួកគេទំនងជាមិនធ្វើចលនាអរិភាពណាមួយឡើយ។
គួរបញ្ជាក់ថា ចិនតែងតែប្រឆាំងនឹងសមយុទ្ធប្រយុទ្ធប្រភេទនេះនៅសមុទ្ទចិនខាងត្បូង ជាពិសេសប្រសិនបើកងកម្លាំងអាម៉េរិក និងសម្ព័ន្ធមិត្តចូលរួម។ រដ្ឋបាល បៃឌិន បានចាត់វិធានការ ដើម្បីពង្រឹងសម្ព័ន្ធភាពយោធានៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងប្រទេសចិន រួមទាំងការប្រឈមមុខដាក់គ្នាលើបញ្ហាតៃវ៉ាន់។ សកម្មភាពរបស់អាម៉េរិក ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងការពង្រឹងការការពារទឹកដីរបស់ខ្លួន លេចឡើងចំពេលមានជម្លោះដ៏រ៉ាំរ៉ៃជាមួយប្រទេសចិននៅសមុទ្ទចិនខាងត្បូង។ នៅឆ្នាំក្រោយ កងកម្លាំងអាម៉េរិក និងហ្វីលីពីន គ្រោងនឹងធ្វើសមយុទ្ធប្រយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតរបស់ពួកគេ មានឈ្មោះថា Balikatan ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលសមយុទ្ធនៅក្នុងតំបន់សមុទ្ទចិនខាងត្បូង។