ប្រទេសថៃ ប្រឈមគ្រោះទឹកជំនន់ខ្លាំងបំផុតលំដាប់ទី៤ នៅឆ្នាំ២០២៤
បាងកក៖ ស្ថិតិបង្ហាញថា ហានិភ័យនៃគ្រោះទឹកជំនន់មានកម្រិតខ្ពស់នៅឆ្នាំ២០២៤ ខណៈទឹកជំនន់គឺជាគ្រោះធម្មជាតិមួយក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិទូទៅបំផុតនៅជុំវិញពិភពលោក ដោយបង្ហាញពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ប្រទេសមួយចំនួនក្នុងឆ្នាំនេះ។ ទន្ទឹមនឹងបណ្តាប្រទេសអាស៊ី និងអាស៊ីអាគ្នេយ៍ភាគច្រើនងាយរងគ្រោះទឹកជំនន់តាមរដូវ។
យោងតាមទិន្នន័យរបស់ធនាគារពិភពលោក ក្នុងឆ្នាំ២០២០ ប្រជាជនប្រហែល ១,៤៧ពាន់លាននាក់ ឬប្រហែល១៩ភាគរយនៃចំនួនប្រជាជនពិភពលោក ប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង ឬការហូរច្រោះតាមឆ្នេរសមុទ្ទ ដោយ៨៩ភាគរយនៃប្រទេសរងគ្រោះ គឺមានចំណូលទាប និងមធ្យម។ ជាក់ស្តែង មនុស្សប្រហែល១,៣៦ពាន់លាននាក់នៅអាស៊ីត្បូង និងខាងកើត ៣២៩លាននាក់នៅក្នុងប្រទេសចិន និង២២៥លាននាក់នៅក្នុងប្រទេសឥណ្ឌា ស្មើនឹងជាងមួយភាគបីនៃចំនួនប្រជាជនដែលងាយរងគ្រោះដោយទឹកជំនន់នៅលើពិភពលោក។
ថៃ ជាប់ចំណាត់ថ្នាក់ទី៤ ជាប្រទេស ប្រឈមមុខ នឹង គ្រោះ ទឹក ជំនន់ ខ្លាំងបំផុត នៅឆ្នាំ២០២៤ ខណៈតំបន់អាស៊ីអាគ្នេយ៍មានដីទំនាប ព្យុះត្រូពិចញឹកញាប់ ភ្លៀងធ្លាក់ខ្លាំង រដូវខ្យល់មូសុងយូរ និងហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់មិនទាន់បានអភិវឌ្ឍ ជាពិសេស ងាយនឹងកើតមានគ្រោះទឹកជំនន់ញឹកញាប់ និងធ្ងន់ធ្ងរ ទន្ទឹមនឹងការបម្រែបម្រួលអាកាសធាតុ ក៏កំពុងជះឥទ្ធិពលលើគ្រោះមហន្តរាយធម្មជាតិ។
ប្រទេសដែលមានហានិភ័យគ្រោះទឹកជំនន់ខ្ពស់បំផុត គឺប្រទេសវៀតណាម អេហ្ស៊ីប និងបង់ក្លាដែស ដោយមានសន្ទស្សន៍ហានិភ័យ៩,៩។ បន្ទាប់មកគឺថៃ ៩,៨, អ៊ីរ៉ាក់ ៩,៦, ប៉ាគីស្ថាន ៩,៥, ចិន ៩,៣, ឥណ្ឌា ៩,២, មីយ៉ាន់ម៉ា ៨,៨, និងកម្ពុជា ៨,៧។ នេះបើយោងតាមការស្ទង់មតិរបស់ Statista ឆ្នាំ២០២៤ ស្តីពីហានិភ័យទឹកជំនន់ប្រចាំឆ្នាំនៃសន្ទស្សន៍ហានិភ័យមានចាប់ពី០ដល់១០។
គួរជម្រាបថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ ថៃបានប្រឈមមុខនឹងគ្រោះទឹកជំនន់យ៉ាងខ្លាំង ដោយសារតែរដូវមិនទៀងទាត់ ជាពិសេសនៅតំបន់ភាគខាងជើង ដោយផ្នែកខ្លះនៃភាគខាងត្បូង ក៏រងផលប៉ះពាល់ដែរ។ គ្រោះទឹកជំនន់ប៉ះពាល់ដល់ដីកសិកម្មចំនួន១,៥៨លានហិកតានៅឆ្នាំនេះ ដោយបានបំផ្លាញទ្រព្យសម្បត្តិ៣,១ពាន់លានបាត និងការខាតបង់ផលិតកម្មកសិកម្មចំនួន៤៣,៤ពាន់លានបាត។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់នៅថៃ កំពុងបង្កផលប៉ះពាល់សេដ្ឋកិច្ចរហូតដល់៤៦,៥ពាន់លានបាត និងកាត់បន្ថយផលិតផលក្នុងស្រុកសរុប(GDP) ប្រចាំឆ្នាំ០,២៧ភាគរយ ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៃឱនភាពសេដ្ឋកិច្ច និងនយោបាយ៕