រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤
ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ និងមន្ត្រីជំនាញមួយចំនួន។
ក្នុងកិច្ចប្រជុំនេះ, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៦៧១នាក់ (ស្រី ៥៩នាក់) ក្នុងនោះ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិតចំនួន ៣៦៣នាក់ (ស្រី ២៨នាក់) និងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិតចំនួន ៣០៨នាក់ (ស្រី ៣១នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន២២, មណ្ឌលអប់រំកែប្រែចំនួន៤ និងមណ្ឌលយុវនីតិសម្បទា។
ជាលទ្ធផល, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ៣៩០នាក់ (ស្រី ៣៥នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ៣០៤នាក់ (ស្រី ២៤នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១នាក់ (ស្រី ១១នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៤នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ និង(៤)-ទណ្ឌិតចំនួន ១នាក់ អាចទទួលការលើកលែងទោស។
ដោយឡែក, ចំពោះទណ្ឌិតចំនួន ២៨១នាក់ (ស្រី ២៤នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធនឹង ករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ករណីជួញដូរមនុស្ស, ករណីរំលោភសេពសន្ថវៈលើអនីតិជន និង ករណីឪពុក ឬជីតារំលោភសេពសន្ថវៈលើកូន ឬចៅរបស់ខ្លួន ជាដើម ៕