ក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទ
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យកុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំវគ្គចែករំលែកបទពិសោធន៍លើការងារដឹកនាំនិងគ្រប់គ្រងដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤០៧នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានសំណេះសំណាលជាមួយមន្រ្តីសុខាភិបាលនិងបាននាំយកនូវការនឹករលឹករបស់ឯកសាស្រ្តាចារ្យរដ្ឋមន្រ្តីជូនដល់មន្រ្តីគ្រប់លំដាប់ថ្នាក់។
ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានអនុញ្ញាតិអោយក្រុមការងារនៃមន្ទីរពេទ្យបង្អែកពារាំងនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ក្នុងការកែលំអរសេវា Triage នៅមន្ទីរពេទ្យ និង ឯកឧត្តមវេជ្ជ. ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ចែករំលែកបទពិសោធន៍លើការដឹកនាំនិងគ្រប់គ្រងនាពេលកន្លងមក។
ក្រោយបទបង្ហាញនីមួយៗ អ្នកចូលរួមវគ្គបានលើជាសំណួរ ក៍ដូចជាការចូលរួមយោបល់ទៅលើប្រធានបទសំដៅបង្កើនការយល់ដឹងអោយកាន់តែស៊ីជំរៅ។ ក្រោយកិច្ចពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តល់ការណែនាំអោយមន្ទីរពេទ្យទាំងអស់រៀបចំសេវា Triage របស់ខ្លួនអោយមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធិភាព ហើយចំណាយធនធានបុគ្គលិកអោយបានសមស្របបំផុតដែលអាចធ្វើទៅបាន។
បន្ថែមពីលើនេះឯកឧត្តមសាស្រ្តាចារ្យក៏បានណែនាំឱ្យថ្នាក់ដឹកនាំតាមឋានានុក្រមបន្តរផ្តល់ការគាំទ្រដល់អ្នកអនុវត្តផ្ទាល់ និងមានសុច្ចរិតភាពក្នុងការក្សាផលប្រយោជន៍អង្គភាពអោយខ្ពស់ជាងផលប្រយោជន៍បុគ្គល ហើយ អ្នកដឹកនាំក្នុងវិស័យសុខាភិបាលទាំងអស់ត្រូវស្វែងយល់ពីខ្លួនឯង និងស្វែងយល់ពីបុគ្កលិកអោយបានច្បាស់ ដែលការស្គាល់ខ្លួនឯងនិងបុគ្គលិកនេះគឺជាបច្ច័យសំខាន់នៅក្នុងការដឹកនាំនិងគ្រប់គ្រងបុគ្គលិកប្រកបដោយប្រសិទ្ធិភាព៕