ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះពិនិត្យប្រទីបរាជរដ្ឋាភិបាលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង
ភ្នំពេញ៖ នៅល្ងាចថ្ងៃ អង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យប្រទីបរាជរដ្ឋាភិបាល នៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង ដែលកំពុងដំណើរការរៀបចំ ដើម្បីត្រៀមចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ សុក្រ និង សៅរ៍ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅក្នុងឆ្នាំ២០២៤នេះ មានទូក-ង ចូលរួមប្រកួតប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅចំនួន ៩ទូក និង មានកីឡាករ ចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីបចំនួន ៣៥ប្រទីប។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គ្រោងនឹងប្រព្រឹត្តទៅយ៉ាងមហោឡារិក អធិកអធម ស្របទៅតាមប្រពៃណីជាតិ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និង សម្តែងសិល្បៈ ទាំង៣រាត្រីដើម្បីបើកឱកាសជូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ ដោយធានាបាននូវសុវត្ថិភាព ក្រោមម្លប់នៃសន្តិភាព ៕