រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ជូនអំពីឱកាសនៃការវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់ម្ចាស់ក្រុមហ៊ុនឯកជនធំៗចំនួន ១៧ក្រុមហ៊ុន នៅខេត្តយូណាន
ភ្នំពេញ៖ ឆ្លៀតឱកាសនៃការអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសសំខាន់ៗរបស់ខេត្តយូណាន សរុបចំនួន ១៧ ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរ ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ រួមជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តថ្មីៗរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា រៀបចំព្រឹត្តិការណ៍រួមគ្នា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិនពីខេត្តយូណាន មកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្តសៀមរាបឱ្យបានកាន់តែច្រើន ៕