រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំពិនិត្យវឌ្ឍនភាពការងារ អនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុគណៈកម្មការគ្រប់គ្រងទូក ដើម្បីបែងចែកទីតាំងស្នាក់នៅរបស់ កីឡាករអុំទូក និងទីលានប្រណាំងទូក ដែលមកពីតាមបណ្តាខេត្តនានា ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក អុីម រ៉នហាស្សាន់ អភិបាលរងរាជធានី និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត កងទ័ពជើងគោក កងទ័ពជើងទឹក និងសមាសភាពពាក់ព័ន្ធដទៃទៀត នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖
-គ្រប់ខេត្តបានឯកភាពតាមប្លង់ ដែលកំណត់ដោយក្រុមការងារ សាលារាជធានីភ្នំពេញ
-មន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់រាជធានីភ្នំពេញ ត្រូវ សិក្សាបន្ថែមលើចំណតដាក់ឡានរបស់ខេត្តនីមួយៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងសម្ភារ និងស្បៀង
-ក្រុមការងារត្រូវបន្ថែមបន្ទប់ទឹកឱ្យបានគ្រប់គ្រាន់ និងពិនិត្យមើលអគ្គិសនីឱ្យបានម៉ត់ចត់
-អង្គប្រជុំសម្រេចនឹងចុះពិនិត្យបន្ថែមលើទីតាំងផ្ទាល់នាថ្ងៃដដែល។
កិច្ចប្រជុំបានណែនាំ និងសំណូមពរដល់គ្រប់ខេត្តទាំងអស់ សហការឱ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់រឿងអនាម័យ វេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីងាយស្រួលក្រុមការងារ ក្នុងការប្រមូល៕