រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ភ្នំពេញ៖ ឯកឧត្ដម ជ័យ សម្បត្ដិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលរួមជាក្រុមការងារអង្កេតការវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ រៀបចំដោយរដ្ឋបាលខេត្តឧត្តរមានជ័យ ដែលមានការអញ្ជើញជាគណៈអធិបតីពីសំណាក់ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។
ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលបំណងពិគ្រោះពិភាក្សារវាង រាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ តាមរយៈការធ្វើបទអន្តរាគមន៍បង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម សំណើ សំណូមពរ និងដំណោះស្រាយដោយរដ្ឋបាលខេត្ត និងបទអន្តរាគមន៍ដោយរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មន្ទីរនានាជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួន។
វេទិកានេះក៏មានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា សរុប ៤៣០រូប ស្រី ៨៧រូប។
គួរបញ្ជាក់ផងដែលថាការរៀបចំវេទិកានេះត្រូវធ្វើឡើងជារៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ មានរយៈពេល ២ថ្ងៃ ក្រោមប្រធានបទស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០” ។វេទិកានេះប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ៕