ឯកឧត្តម វ៉ាន់ មុនីនាថ ចូលរួមមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ និងសប្តាហ៍មហាសមុទ្រពិភពលោក
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាន់ មុនីនាថ ប្រធានក្រុមប្រឹក្សារបស់អង្គការភាពជាដៃគូសម្រាប់ការគ្រប់គ្រងបរិស្ថាននៅក្នុងសមុទ្រអាស៊ីបូព៌ា (PEMSEA) បាននិងកំពុងចូលរួមមហាសនិ្នបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ និងសប្តាហ៍មហាសមុទ្រពិភពលោក ដែលសហការរៀបចំដោយ PEMSEA ក្រសួងធនធានធម្មជាតិនៃសាធារណប្រជាមានិតចិន និងរដ្ឋបាលក្រុងសាមិន។
ពិធីបើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤ ក្រោមមូលបទ «កិច្ចសហការខៀវសម្រាប់អនាគតរួមគ្នា៖ មហាសមុទ្រដែលមានចីរភាពនិងភាពធន់» (Blue Synergy for a Shared Future: One Sustainable and Resilient Ocean) បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ Shen Yueyue អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយចិន ឯកឧត្តម វ៉ាន់ មុនីនាថ ប្រធានក្រុមប្រឹក្សា PEMSEA ឯកឧត្តម Zhao Long អភិបាលខេត្តហ្វូជៀន និងឯកឧត្តម Sun Shuxian អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានអ្នកចូលរួមមកពីប្រទេសជាសមាជិកអង្គការ PEMSEA ប្រទេសមិនមែនជាសមាជិកអង្គការ PEMSEA តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបជាង៨០០នាក់។
អង្គមហាសន្និបាតបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន ១)នវានុវត្តន៍ និងការកៀរគរហិរញ្ញវត្ថុសម្រាប់មហាសមុទ្រ ២) ការផ្សារភ្ជាប់តួនាទីរបស់វិទ្យាសាស្ត្រ គោលនយោបាយ និងការអនុវត្ត និង ៣) ការឆ្លើយតបនឹងបញ្ហាសកលដោយចាប់ផ្តើមពីដំណោះស្រាយនៅថ្នាក់មូលដ្ឋាន៕