សេតវិមាន កំពុងរួសរាន់ផ្តល់ជំនួយសន្តិសុខតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបញ្ចប់នៅខែមករា ខាងមុខនេះ
វ៉ាសុីនតោន៖ សេតវិមាន កំពុងរួសរាន់ផ្តល់ជំនួយសន្តិសុខតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបញ្ចប់នៅខែមករា ឆ្នាំ ២០២៥ ខាងមុខនេះហើយ និងមុនការវិលត្រលប់នៃលោក ដូណាល់ ត្រាំ ដែលអាចនាំឱ្យការគាំទ្រសម្រាប់ទីក្រុងកៀវ ធ្លាក់ទៅក្នុងភាពស្រពិចស្រពិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
សភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីខែមេសា បានអនុម័តកញ្ចប់ជំនួយយោធាចុងក្រោយចំនួន ៤.៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងសិទ្ធិអំណាចឱ្យ លោក បៃដិន អនុញ្ញាតឱ្យមានការបញ្ជូនអាវុធ ពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិកទៀតផង។
មន្រ្តីជាន់ខ្ពស់មួយរូប បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «រដ្ឋបាលលោក បៃដិន គ្រោង ជំរុញកញ្ចប់ជំនួយចុងក្រោយនោះ ឱ្យ ឆាប់សម្រេចបាន ដើម្បី ឱ្យ អ៊ុយក្រែននៅតែ អាចរក្សាសមត្ថភាពខ្លួនឯងបាន»។ បើតាមក្រុមអ្នកវិភាគ វាមិនប្រាកដទេដែលទីក្រុងវ៉ាស៉ីនតោន នឹងបន្តការគាំទ្រអ៊ុយក្រែន នៅពេលគណបក្សសាធារណរដ្ឋវិលមកគ្រប់គ្រងសេតវិមាន និងយ៉ាងហោចណាស់ពាក់កណ្តាលនៃសភាអាមេរិក។
អនាគតប្រធានាធិបតីអាមេរិក លោក ត្រាំ ធ្លាប់ប្រាប់ Reuters កាលពីឆ្នាំមុនថា អ៊ុយក្រែនប្រហែលជាត្រូវធ្វើសម្បទានទឹកដីខ្លះ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី ខណៈវាជាជម្រើសមួយដែលអ៊ុយក្រែន តែងតែច្រានចោល ហើយលោក បៃដិន មិនដែលស្នើឡើងនោះឡើយ៕