ប្រទេសអាល្លឺម៉ង់ ប្រឈមនឹងការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមចម្រុះរបស់លោក Olaf Scholz ដួលរលំ
បែរឡាំង៖ ក្រុមចម្រុះកាន់អំណាចនៅក្នុងប្រទេសអាល្លឺម៉ង់បានដួលរលំនៅថ្ងៃពុធ ទី៦ ខែវិច្ឆិកានេះ ខណៈលោកអធិការបតី Olaf Scholz បានបណ្ដេញរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក ចេញពី តំណែង និងបានត្រួសត្រាយផ្លូវឆ្ពោះទៅរកការរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ចំពោះមុខវិបត្តិនយោបាយមួយ ដែលកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្រោយបណ្ដេញរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Christian Lindner មកពីគណបក្ស Free Democrats (FDP) លោក Scholz ត្រូវបានរំពឹងថានឹងបន្តដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច ជាមួយ គណបក្សជាដៃគូ គឺគណបក្ស Greens ដែលជាគណបក្សមានអាសនៈច្រើនលំដាប់ទី២នៅសភា។ ប៉ុន្តែ លោកអាចនឹងប្រឈមនឹងផលលំបាក ក្នុងការស្វែងរកសំឡេងភាគច្រើនដើម្បីអនុម័ត ច្បាប់នានា។
លោក Scholz ក៏មានផែនការរៀបចំការបោះឆ្នោតនៅសភា អំពីទំនុកចិត្តលើរដ្ឋាភិបាលរបស់លោក នៅថ្ងៃទី១៥ ខែមករាខាងមុខផងដែរ ដែលនេះអាចនឹងនាំទៅរកការរៀបចំ ការបោះឆ្នោតមុនអាណត្តិនៅដំណាច់ខែមីនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ភាពរកាំរកូសនៅក្នុងក្រុមចម្រុះរបស់លោក Olaf Scholz បានកើតឡើងជាច្រើនខែមកហើយ ពាក់ព័ន្ធនឹងគោលនយោបាយថវិកា និងទិសដៅសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ដែល បាន និងកំពុងធ្វើឱ្យប្រជាប្រិយភាពរដ្ឋាភិបាលរបស់លោកធ្លាក់ចុះ រីឯក្រុមស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុលកំពុងកើនឡើងឥទ្ធិពល៕