តំណាងឯកឧត្តម ហេង សួរ រួមនិងថ្នាក់ដឹកនាំក្រសួង រៀបចំធ្វើពិធីក្រុងពាលីប្រទីបរបស់ក្រសួងការងារ
ភ្នំពេញ៖ នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: រួមនិងថ្នាក់ដឹកនាំក្រសួង បានរៀបចំធ្វើពិធីក្រុងពាលីប្រទីបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពិនិត្យមើលវឌ្ឍនភាពនៃការដំឡើង រៀបចំភ្លើងលម្អប្រទីប ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អរំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះនឹងមានពិធីបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុននានា សរុបចំនួន៣៦ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី៕