អភិបាលខេត្តកណ្ដាល ជំរុញអភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបណ្ដឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបាន ជំរុញដល់អភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបណ្ដឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ។
លោក លីវ វណ្ណថេង ត្រូវបានប្រកាសតែងតាំងជា អភិបាលស្រុកល្វាឯម ដែលពិធីប្រកាសតែងតាំងនេះបានរៀបចំឡើងនារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋបាលស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបាន ជំរុញដល់អភិបាលស្រុកថ្មីដែលទើបចូលកាន់មុខតំណែង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះអភិបាលស្រុកថ្មីត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។
ដើម្បីធ្វើឱ្យស្រុកល្វាឯម មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងជំរុញដល់ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកល្វាឯម សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយ អភិបាលស្រុកល្វាឯមថ្មីឱ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើឱ្យស្រុកល្វាឯម អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។
ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារ សាធារណៈ ហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជ រដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា។ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមករបស់ លោក លីវ វណ្ណថេង ដែលជាមន្ត្រីបន្តវេនប្រកបដោយសក្តានុពលមួយរូប ធ្លាប់បានប្រឡូកក្នុងការងារនានាជាច្រើននៅមូលដ្ឋាន ហើយទទួលបាននូវបទពិសោធន៍លើការងារដឹកនាំ និងការងារគ្រប់គ្រងជាច្រើននោះទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ លើកសំណើបន្តជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោក លីវ វណ្ណថេង អភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ ឱ្យចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកល្វាឯមតាមរយៈអនុក្រឹត្យលេខ១០៧៤ អនក្រ.តត ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវបន្តរឹតបណ្ដឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ ចរាចរណ៍ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំមាន សវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ត្រូវបន្តពង្រឹងនូវរបបប្រជុំឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យតាមដាន និងធ្វើការដោះស្រាយបញ្ហាទាន់ពេលវេលា។ បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីឱ្យស្របទៅតាមការវិវត្តនៃសភាពការណ៍ប្រទេសជាតិ និងទំហំការងារ ព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។ ជាពិសេសគណៈអភិបាលស្រុកថ្មី ត្រូវរៀបចំសេចក្តីសម្រេចស្តីពីការ បែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការការងារជូនគណៈអភិបាលស្រុករបស់ខ្លួន ស្របតាមស្មារតីនៃសេចក្តីណែនាំលេខ០៤៧ សណន ចុះថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដើម្បីបំពេញភារកិច្ច បម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យប្រសិទ្ធភាពខ្ពស់៕