សម្តេចធិបតី៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាខ្សែផ្លូវទេសចរណ៍ កំពុងដើរតួនាទី ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ របស់ពលរដ្ឋជាង ៦ពាន់គ្រួសារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់ទឹករបស់ខេត្តកែប ដែលបាននឹងកំពុងដើរតួនាទី ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ របស់ប្រជាពលរដ្ឋ ជាង៦ពាន់គ្រួសារ
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បម្រើប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ ហើយ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នេះ បានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្តកែប ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម ។
សម្តេចមហាបវរធិបតី បានសម្តែងក្តីរីករាយ ដែលអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ហើយសូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋខេត្តកែប ដែលទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោលត្រូវបានសាងសង់ឡើង ក្នុងពេលសម្តេចតេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី។
វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ បន្ថែមពីនេះ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមក រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោល មានប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
គម្រោងនេះត្រូវបានចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានកម្រាស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង (១គន្លងទៅ ១គន្លងមក) និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមានជាអាទិ៍ សាងសង់រង្វង់មូល ១កន្លែង ស្ថិតនៅទីតាំងឆ្នេរអង្កោល សាងសង់ផ្លូវជិះកង់ និងផ្លូវសម្រាប់ថ្មើរជើង, សាងសង់លូមូលប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ២៨កន្លែង, លូប្រអប់ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ១២កន្លែង, និងលូអ៊ុយប្រភេទបេតុងចំនួន ១ខ្សែ ប្រវែង ១ ១៨២ម៉ែត្រ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១៦៤ដើម ផងដែរ៕