កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយនឹងសហគមន៏អន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅ របស់មជ្ឈមណ្ឌលកោងកាងអន្តរជាតិ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ (Signing Ceremony for the Establishment Agreement of the International Mangrove Centre) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយរដ្ឋបាលព្រៃឈើ និងវាលស្មៅ និងរដ្ឋបាលក្រុង Shenzhen សាធារណៈរដ្ឋប្រជាមានិតចិន។
ក្នុងពិធីចុះហត្ថលេខានេមានតំណាងប្រទេសចំនួន ១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ ដែលមានអ្នកចូលរួមជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី អភិបាលលក្រុង និងមន្ត្រីពាក់ព័ន្ធប្រមាណ៤០០នាក់។
ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះ ភាពបៃតង ក្រសួងបរិស្ថាន បានផ្តួចផ្តើមយុទ្ធនាការដាំកូនឈើយ៉ាងតិចឱ្យបាន១លានដើមក្នុង១ឆ្នាំ ហើយយើងទទួលបានជោគជ័យតាមរយៈពិព័រណ៌ពន្លកបៃតង ដោយបានចែកកូនឈើ១លាន៣សែន ដើមដល់សាធារណជន។ លើសពីនេះ តាមរយៈភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យើងបានរួមចំណែកក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកក្នុងសមុទ្រដែលនេះគឺជាបញ្ហាបរិស្ថានចម្បងមួយរបស់សកលលោក។
ឯកឧត្តម ក៏បានលើកឡើងថា ក្រសួងបរិស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយនឹងសហគមន៏អន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅរបស់មជ្ឈមណ្ឌលកោងកាងអន្តរជាតិនេះ។
គួរបញ្ជាក់ផងដែរថា ព្រៃកោងកាង គឺមានអត្ថប្រយោជន៍ក្នុងការ ការពារព្យុះរលក រក្សាភាពសម្បូរបែបនៃជីវៈចម្រុះ ជាអាងស្តុកកាបូន និងផ្តល់ជាធនធានធម្មជាតិជាច្រើនសម្រាប់គាំទ្រដល់ជីវភាពសហគមន៏មូលដ្ឋាន។ ប្រទេសកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សព្រៃកោងកាង និងការប្រើប្រាស់តំបន់ព្រៃកោងកាងប្រកបដោយចីរភាព ដោយបានដាក់តំបន់ដែលមានអេកូឡូស៊ីព្រៃកោងកាងសំខាន់ៗជាតំបន់ការពារធម្មជាតិ រួមមាន តំបន់រ៉ាមសារកោះកាពិ ឧទ្យានជាតិបទុមសាគរ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ឧទ្យានជាតិសមុទ្រកោះរ៉ុង និងឧទ្យានជាតិសមុទ្ររាម។
មជ្ឈមណ្ឌលកោងកាងអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុង Shenzhen នឹងជាយន្តការ និងវេទិកាដ៏សំខាន់មួយក្នុងការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិក្នុងការអភិរក្សព្រៃកោងកាង លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ដែលជាផ្នែកមួយនៃកាបូនខៀវ ជំរុញការដាំស្តារ និងពង្រីកគម្របបៃតងនៃព្រៃកោងកាង រួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមកសាងភពផែនដី ដែលមនុស្ស រស់នៅជាមួយនឹងធម្មជាតិប្រកបដោយសុខុមាលភាព៕