រដ្ឋបាលខេត្តព្រៃវែង រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហែម សាមឿន ប្រធានការិយាល័យមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិ នៃលេខាធិកាដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមជាក្រុមការងារអង្កេតការវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រៀបចំដោយរដ្ឋបាលខេត្តព្រៃវែង ដែលមានការអញ្ជើញជាគណៈធិបតី ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
វេទិកានេះមានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព កំណត់បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយរដ្ឋបាលខេត្ត តាមរយៈបទអន្តរាគមន៍របស់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក មន្ទីរនានាជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួន។
វេទិកានេះក៏មានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានាសរុប ៣៩៩រូប ស្រី៥៨រូប។
ការរៀបចំវេទិកានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០” ៕