ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ក្នុងនោះសមាជិក សមាជិកា របស់សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក មកពី៤ប្រទេស។ ដោយក្នុងនោះ មកពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី កូរ៉េខាងត្បូង៣នាក់ និងប្រទេសចិនក្នុងតំបន់ជាច្រើនទៀត។
សូមបញ្ជាក់ថា៖ សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណង៣សំខាន់៖
ទី១. កៀរគរនូវវិនិយោគគិនក្រៅប្រទេស ឲ្យបានមកមើលឃើញ និងដឹងពីសក្តានុពល និងឱកាសវិនិយោគថ្មីក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន។ ថ្វីត្បិតតែការដាក់ឈ្មោះថា ត្រកូលលីន ក៏ពិតមែន ប៉ុន្តែនៅក្នុងមហាសន្និបាតនេះ គឺមានវិនិយោគគិនក្រៅប្រទេស និងក្នុងប្រទេស ចូលរួមក្រៅពីត្រកូលលីនផងដែរ។
ទី២. ដោយសារតែថ្នាក់ដឹកនាំ និងសមាជិកសមាជិការរបស់សមាគម គឺសុទ្ធសឹងតែចេះ៣ភាសា ហើយក៏មានបទពិសោធន៍ ក្នុងការប្រកបការងាររកស៊ីជាមួយជនបរទេសជាច្រើន និងជាយូរមកហើយ ជាពិសេសគឺជាមួយ ជនជាតិចិន ហើយក៏យល់ពីបរិបទនៃសង្គមខ្មែរនាពេលបច្ចុប្បន្ន និងពីមុនផងដែរ ដូច្នេះចង់ឲ្យវិនិយោគគិនដែលឆ្លងកាត់តាមសមាគម ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងវិនិយោគគិនដែលបានមកវិនិយោគ ក្នុងប្រទេសកម្ពុជារួចមកហើយ។
ទី៣. ដោយមើលឃើញពីការលាបពណ៌មូលបង្កាច់បង្អួចពីប្រទេសកម្ពុជា តាមរយៈវីដេអូមិនពិត ឬប្រឌិត ដោយចោទថាប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសុខសុវត្ថិភាព និងជាទីកន្លែង នៃការប្រមូលផ្តុំនូវពួកក្រុមប្រកបរបរ ខុសច្បាប់ជាច្រើន ដោយមូលហេតុនេះហើយធ្វើឲ្យវិស័យទេសចរណ៍ និងការវិនិយោគក្នុងប្រទេសកម្ពុជារងនូវផលប៉ះពាល់ជាខ្លាំង ទើបសមាគមមានបំណង និងគំនិតក្នុងការចូលរួមលុបបំបាត់ និងបង្ហាញទៅសាធារណជននៅ ក្រៅប្រទេសជាពិសេស គឺប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងចិនឲ្យមើលឃើញ និងបានដឹងពីទិដ្ឋភាពជាក់ស្ដែង និងពិតប្រាកដរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
សូមជម្រាបថា នៅព្រឹកមិញនេះ ក៏មានការរៀបចំកម្មវិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំ នៃសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក និងសមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា និងការប្រកាសពីសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ក្នុងការប្រគល់សិទ្ធិដល់សមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា ក្នុងការរៀបចំនូវ App សម្រាប់ផ្តល់ជូនទៅសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មពិភពលោកទាំង១៥ប្រទេស និង៣៦ការិយាល័យប្រើប្រាស់ក្នុងគោលបំណងផ្គូរផ្គង និងជំរុញនូវអាជីវកម្ម និងពាណិជ្ជកម្មរបស់សមាជិក សមាជិកាផងដែរ ៕