ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ លោក ចូ បៃឌិន ជាគូប្រជែងនយោបាយយូរអង្វែង បានជួបពិភាក្សាគ្នាទល់មុខអំពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា កាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំដ៏ស្និទ្ធស្នាលមួយ រៀបចំឡើងដើម្បីបង្ហាញពីការផ្ទេរអំណាចដោយរលូន ទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើគោលនយោបាយក៏ដោយ។
មេដឹកនាំអាម៉េរិកទាំងពីរ បានអង្គុយក្បែរគ្នានៅក្នុងការិយាល័យរាងពងក្រពើរបស់សេតវិមាន។ អ្នកនាំពាក្យសេតវិមាន លោកស្រី ខារីន ជីន-ព្យែរ (Karine Jean-Pierre) បានប្រាប់អ្នកយកព័ត៌មានថា៖«អ្នកទាំង២ បានពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ និងគោលនយោបាយក្នុងស្រុកសំខាន់ៗដែលប្រទេសជាតិ និងពិភពលោកកំពុងប្រឈមមុខ។ វាពិតជាមានភាពស្និទ្ធស្នាលគួរឱ្យគោរពណាស់ និងមានសារសំខាន់»។ លោកស្រីបន្តថា កិច្ចប្រជុំនេះមានរយៈពេលប្រហែល២ម៉ោង។ ទន្ទឹមនឹងនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានប្រាប់អ្នកសារព័ត៌មានថា លោក បៃឌិន បានអះអាងថា ការគាំទ្រសម្រាប់អ៊ុយក្រែន..គឺល្អ!សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ពីព្រោះអឺរ៉ុបដ៏រឹងមាំ និងស្ថិរភាពនឹងរារាំងអាម៉េរិកមិនឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម។
លោក ត្រាំ បានប្រាប់កាសែត New York Post ថា លោក និងលោក បៃឌិន បាននិយាយគ្នាយ៉ាងច្រើនអំពីមជ្ឈិមបូព៌ា កំលុងពេលសន្ទនារបស់ពួកគេ។ កាសែត បានដកស្រង់សម្តីលោក ត្រាំ ថា៖«ខ្ញុំចង់ដឹងពីទស្សនរបស់គាត់អំពីកន្លែងដែលយើងនៅ ។ ហើយគាត់បានប្រាប់ខ្ញុំ គាត់មានចិត្តសប្បុរសណាស់»។ បុរសទាំងពីរ បាននិយាយអំពីការផ្លាស់ប្ដូរអំណាចដោយរលូន។ លោក បៃឌិន បានប្រាប់ប្រធានាធិបតីជាប់ឆ្នោតថា៖«ខ្ញុំទន្ទឹងរង់ចាំមានការផ្លាស់ប្តូរដ៏រលូន ដូចយើងបាននិយាយ ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅបាន ដើម្បីប្រាកដថា អ្នកមានកន្លែងស្នាក់នៅ និងអ្វីដែលអ្នកត្រូវការ។ សូមស្វាគមន៍ ស្វាគមន៍ការត្រឡប់មកវិញ»។ ដោយឡែក លោក ត្រាំ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននិយាយថា៖«នយោបាយ…គឺមានភាពតឹងតែង ហើយវាជាករណីជាច្រើនមិនមែនជាពិភពលោកដ៏ស្រស់បំព្រងនោះទេ ប៉ុន្តែវាគឺជាពិភពលោកដ៏ស្រស់បំព្រងនាពេលបច្ចុប្បន្ន ហើយខ្ញុំសូមកោតសរសើរចំពោះវាខ្លាំងណាស់ ការផ្លាស់ប្ដូរដែលរលូនណាស់។ ហើយខ្ញុំពិតជាកោតសរសើរចំពោះរឿងនេះណាស់លោក ចូ »។
ស្ត្រីទីមួយ លោកស្រី ជីល បៃឌិន (Jill Biden) បានចូលរួមជាមួយលោក បៃឌិន ក្នុងការស្វាគមន៍លោក ត្រាំ នៅពេលមកដល់របស់គាត់។ លោកស្រី ជីល បានផ្តល់ឱ្យលោក ត្រាំ នូវលិខិតអបអរសាទរដែលសរសេរដោយដៃសម្រាប់ភរិយារបស់គាត់ គឺ មេឡានៀ ត្រាំ (Melania Trump) ហើយបានបង្ហាញពីការត្រៀមខ្លួនក្នុងការជួយដល់ការផ្លាស់ប្ដូរអំណាច។ បុរសទាំងពីរ បានរិះគន់គ្នាជាច្រើនឆ្នាំមកហើយ ពួកគេមានភាពខុសគ្នាយ៉ាងធំធេងលើគោលនយោបាយពីការប្រែប្រួលអាកាសធាតុទៅកាន់ប្រទេសរុស្ស៊ីរហូតដល់ការធ្វើពាណិជ្ជកម្ម។ លោក បៃឌិន អាយុ ៨១ ឆ្នាំបានពណ៌នាលោក ត្រាំ ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ខណៈដែលលោក ត្រាំ អាយុ ៧៨ ឆ្នាំបានពណ៌នាលោក បៃឌិន ថាជាអសមត្ថភាព៕