នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះពិនិត្យផ្ទាល់ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាគោលដៅសំខាន់ជុំវិញព្រះមរបរាជវាំង។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កងកម្លាំងទាំងអស់ ពិសេសកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ដោយសារការដាក់លក់ដូរទំនិញ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕