អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះកុំបោះចោលសំរាម សំណល់ប្លាស្ទិក ចូលនៅក្នុងទន្លេ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ទៅថ្ងៃអនកាគត។
ឯកឧត្តម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលបានបញ្ចេញនិងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនិងការចូលរួមកាត់បន្ថយពីការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។
អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គម ប្រសិនបើគ្មានការកាត់បន្ថយ និងបម្រូលទុកដាក់ឱ្យបានត្រឹម សំរាម សំណល់ប្លាស្ទិក ទាំងអស់នេះបង្កផលប៉ះពាល់ ជាអវិជ្ជមានច្រើន ទាំងផ្នែកបរិស្ថាន សោភណ្ឌភាព សុខភាពនិងជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ។
សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា៕