ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ
ប៉េកាំង៖ ចិន នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះបាននិយាយថាហ្វីលីពីន បានបញ្ជូនការផ្គត់ផ្គង់ទៅកាន់ខ្មោចនាវាចម្បាំងមួយគ្រឿង នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាតំបន់វិវាទ ដ៏ក្ដៅគគុកមួយ នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ឆ្មាំសមុទ្រហ្វីលីពីនក៏បានឱ្យដឹងដែរថាខ្លួនបានផ្លាស់ប្ដូរវេនបុគ្គលិកដែលត្រូវឈរជើងនៅលើខ្មោចនាវាចម្បាំង Sierra Madre និងបានបញ្ជូនការផ្គត់ផ្គង់ដល់ ខ្មោចនាវាចម្បាំងនេះ។ ប៉ុន្តែភ្លាមៗ ឆ្មាំសមុទ្រហ្វីលីពីន មិនបានឆ្លើយតបទៅនឹងការអះអាងរបស់ឆ្មាំសមុទ្រចិន ដែលថាខ្លួនបានអនុញ្ញាតឱ្យទីក្រុងម៉ានីល ធ្វើបេសកកម្មផ្គត់ផ្គង់នេះនោះទេ។ ឆ្មាំសមុទ្រចិន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «សង្ឃឹមថាហ្វីលីពីននឹងគោរពតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ហើយធ្វើការជាមួយចិនក្នុងទិសដៅតែមួយ ក៏ដូចជាចូលរួមគ្រប់គ្រងស្ថានការណ៍សមុទ្រ»។
ចិន និងហ្វីលីពីន បានចោទប្រកាន់គ្នាទៅវិញទៅមកជាច្រើនខែមកហើយ ពាក់ព័ន្ធនឹងជម្លោះនៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាទីដែលឆ្មាំសមុទ្រចិន និងហ្វីលីពីនតែងតែប៉ះទង្គិចគ្នា ជារឿយ ពាក់ព័ន្ធនឹងបេសកកម្មផ្គត់ផ្គង់ស្បៀង និងសម្ភារៈចាំបាច់ទៅឱ្យទាហានហ្វីលីពីនមួយក្រុមតូច ដែលកំពុងឈរជើងនៅលើខ្មោចនាវាចម្បាំង Sierra Madre។ ចិនបានចាត់ទុកថាវត្តមានខ្មោច នាវាចម្បាំងនេះជាទង្វើខុសច្បាប់ និងបានស្នើឱ្យហ្វីលីពីនដកនាវានេះចេញ។ តែហ្វីលីពីនបានប្រកែក ហើយថាការចតទុកនាវា Sierra Madre ជារឿងស្របច្បាប់ ព្រោះស្ថិតនៅក្នុងដែនទឹកដែលជា កម្មសិទ្ធិរបស់ខ្លួន៕