ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ
ម៉ានីល៖ នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះ ព្យុះទីហ្វុង Usagi បានថមថយចុះឥទ្ធិពល បន្ទាប់ពីបានវាយប្រហារលើទីក្រុងមួយចំនួនស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន ប៉ុន្តែ អាជ្ញាធរនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងត្រៀមលក្ខណៈទប់ទល់នឹងព្យុះថ្មីមួយផ្សេងទៀត ដែលអាចនឹងវាយប្រហារលើរដ្ឋធានីម៉ានីល នៅចុងសប្ដាហ៍នេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរឧតុនិយមហ្វីលីពីន បានឱ្យដឹងថាព្យុះទីហ្វុង Usagi បានវិវត្តទៅជាព្យុះ super typhoon នៅពេលបក់បោកទៅដល់ទីក្រុង Baggao នៃខេត្ត Cagayan កាលពីរសៀល ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ព្យុះនេះបានថមថយចុះឥទ្ធិពល និងកំពុងបក់បោកឆ្ពោះទៅរកតៃវ៉ាន់។ Usagi គឺជាព្យុះទី១៥ ដែលបានវាយប្រហារលើហ្វីលីពីន ក្នុងឆ្នាំនេះ ខណៈអាជ្ញាធរ ហ្វីលីពីនកំពុងត្រៀមលក្ខណៈទប់ទល់នឹងព្យុះថ្មីមួយទៀតឈ្មោះ Man-yi ដែលត្រូវបានព្យាករថាអាចនឹងវាយប្រហារលើបណ្ដាទីក្រុងស្ថិតនៅភាគខាងជើងប្រទេស និងរដ្ឋធានីម៉ានីល នៅចុងសប្ដាហ៍នេះ ស្របពេលព្យុះនេះបន្តបង្កើនឥទ្ធិពលក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។
សូមបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះ Man-yi អាចនឹងវិវត្តទៅជាព្យុះ super typhoon នៅព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ដោយឡែក ភ្លាមៗមិនទាន់មាន សេចក្ដីរាយការណ៍ពីអ្នករងរបួស ឬស្លាប់បង្កឡើងដោយព្យុះ Usagi នោះទេ រីឯមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។