អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន
បែរឡាំង៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍ និងជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ ខណៈមេដឹកនាំអាល្លឺម៉ង់ត្រៀមរៀបចំការបោះឆ្នោតមួយ ហើយអឺរ៉ុបកំពុងរង់ចាំស្តាប់ផែនការបញ្ចប់សង្រ្គាមអ៊ុយក្រែនរបស់លោក ត្រាំ។
រដ្ឋាភិបាលអាល្លឺម៉ង់ បានឱ្យដឹងថា នៅក្នុងការហៅទូរស័ព្ទមួយដែលរងការរិះគន់ភ្លាមៗពីប្រធានាធិបតីអ៊ុយក្រែន លោក Scholz បានជំរុញឱ្យលោក ពូទីន ដកកងកងទ័ពចេញពីអ៊ុយក្រែន ហើយចាប់ផ្តើមកិច្ចពិភាក្សាជាមួយទីក្រុងកៀវ ដែលនឹងបើកផ្លូវសម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
តាមវិមានក្រឹមឡាំង ការសន្ទនានេះកើតឡើងតាមសំណើរបស់ទីក្រុងបែរឡាំង ហើយថាលោក ពូទីន បានប្រាប់លោក Scholz ថាកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រូវតែគិតគូរពីផលប្រយោជន៍សន្តិសុខរុស្ស៉ី ហើយឆ្លុះបញ្ចាំងពីការពិតនៃទឹកដីដែលរុស្ស៉ីកាត់បញ្ចូល។
គួរបញ្ជាក់ថា ប្រឈមមុខនឹងការបោះឆ្នោតមួយ នៅថ្ងៃទី២៣ ខែកុម្ភៈ ក្រុមអ្នកប្រជាធិបតេយ្យសង្គមរបស់លោក Scholz កំពុងស្ថិតក្រោមសម្ពាធពីគណបក្សប្រជានិយម ដែលចូលចិត្តរុស្ស៉ី ហេីយថារដ្ឋាភិបាលមិនបានធ្វេីនយោបាយការទូតគ្រប់គ្រាន់ដើម្បីបញ្ចប់សង្រ្គាម។ ការហៅទូរស័ព្ទទៅកាន់លោក ពូទីន នេះក៏បានកេីតឡេីងមួយ សប្តាហ៍ បន្ទាប់ ពី លោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី អាមេរិក បន្ទាប់ ដោយលោកធ្លាប់និយាយថា អាចបញ្ចប់សង្រ្គាមបានយ៉ាងឆាប់រហ័ស និងរិះគន់ម្តងហើយម្តងទៀតអំពីទំហំនៃជំនួយរបស់លោកខាងលិច សម្រាប់អ៌ុយក្រែន៕