ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍
ភ្នំពេញ៖ ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Xinhua បានចាត់ទុកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ របស់ប្រទេសកម្ពុជាឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យមួយមានមានទំហំធំបំផុត មិនធ្លាប់មានពីមុនមក ដោយសារទូកងនិងទូកមួងចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីចំណុះទូក និងបម្រុងមានចំនួនសរុបជាង២ម៉ឺន២ពាន់នាក់មានមកពី១៩រាជធានី-ខេត្ត ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព សមាគម វត្តអារាមមួយចំនួនទៀត។
ទីភ្នាក់ងារព័ត៌មាន Xinhua ដែលជា ទីភ្នាក់ងារព័ត៌មានរដ្ឋផ្លូវការ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានវាយតម្លៃដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលកម្ពុជារៀបចំឆ្នាំនេះ.ជាពិធីបុណ្យជាតិដ៏ធំ និងសប្បាយរីករាយបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាកាលពីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋខ្មែរ និង ជនបរទេសប្រមាណ១លាន១សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ។ហើយនៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ម្សិលមិញនេះ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសអញ្ជើញមកលេងកម្សាន្តប្រកបដោយភាពរីករាយ សរុបប្រមាណជាង២លាន២សែននាក់ គឺកើនឡើងលើសថ្ងៃទីមួយចំនួន២ដង។
លោកស្រីបន្តថា ដោយឡែក ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គឺមានស្ថានភាពល្អប្រសើរ។
ទន្ទឹមនេះនៅឯខេត្តសៀមរាបឯណោះវិញនៅក្នុងរយៈពេល ២ថ្ងៃ ដំបូងនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកក៏ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៨,៩៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង ១៣,១ភាគរយ ដែលបានដើរលេងកម្សាន្តនៅខេត្តសៀមរាប និងតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តសៀមរាប។
ឯកឧត្ដម ប៊ូ ជុំសេរី មានប្រសាសន៍ថា ការកើនឡើងនេះបន្ទាប់ពីព្រះរាជាណាចក្រមានសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកាន់តែប្រសើរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ៕