អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកបាទី បានចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផល ស្រូវរដូវវស្សា ការដាំដុះដំណាំរួមផ្សំផ្សេងៗ និងប្រព័ន្ធស្រោចស្រព នៅស្ថានីយ៍ បូបទឹក មិត្តភាព កម្ពុជា-សាធារណរដ្ឋកូរ៉េ ហ៊ុន សែន ទី៧ ព្រៃស្វា ក្នុងភូមិសាស្រ្តឃុំពត់សរ ស្រុកបាទី។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានធ្វើការណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវចុះពិនិត្យមើលនៅតាមប្រឡាយទឹកសំខាន់ៗនានា កុំឱ្យមានស្មៅ ត្រកៀត ឬត្រឹប ដុះស៊ុបទ្រុប ដែលបង្កឱ្យរាំងស្ទះការបង្ហូរទឹកចេញពីស្ថានីយ៍បូមទឹក មិត្តភាព កម្ពុជា-សាធារណរដ្ឋកូរ៉េ ហ៊ុន សែន ទី៧ ព្រៃស្វា ទៅដល់ដីស្រែបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំផ្សេងៗ របស់បងប្អូនប្រជាកសិករ។
យោងតាមរបាយការណ៍របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការបង្កបង្កើនស្រូវរដូវប្រាំង បានចាប់ផ្ដើមបណ្ដើរៗ ហើយបើប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ផ្ទៃដីអនុវត្តលឿនជាងឆ្នាំមុន ១៧.០០៨ហិចតា។ ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២៤-២០២៥ ផែនការ ១៨០.០០០ហិចតា, ស្ទូងនឹងព្រោះស្រូវសរុប ២២៤.៤៦៤ហិចតា ស្មើនឹង ១២៤.៧០% លើសផែនការ, ការងារច្រូតកាត់ប្រមូលផលស្រូវស្រាល និងស្រូវកណ្ដាលរដូវវស្សា ឆ្នាំ២០២៤-២០២៥ ផ្ទៃដី ប្រមូលផល ២២៤.៤៦៤ហិចតា, ផ្ទៃដីច្រូតកាត់បាន ១០៥.២៨០ហិចតា ស្មើនឹង ៤៦.៩០%, ទិន្នផលជាមធ្យមជាង ៤តោន/ហិចតា, បរិមាណផល ៤៣៣.៥១៣តោន ៕