ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ
ប៊ែកឡាំង៖ យោងតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ dpa បានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា ទិន្នន័យបានពីបណ្តារដ្ឋនៅអឺរ៉ុប បានបង្ហាញថា ជនជាតិអាល្លឺម៉ង់ ដែលមានវ័យចំណាស់ប្រមាណ៣,២លាននាក់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ កំពុងប្រឈមមុខនឹងភាពក្រីក្រ។
ចំនួននេះនៅតែមានស្ថិរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងមនុស្សវ័យ ចំណាស់ ៣,២៤៥លាននាក់ដែលរងផល ប៉ះពាល់នៅក្នុងឆ្នាំ២០២៣ ធៀបនឹង៣,១៥៧លាននាក់នៅក្នុងឆ្នាំ ២០២២។
ទោះជាយ៉ាងណាក៏ដោយ តួលេខនេះផ្ទុយទៅនឹងឆ្នាំ២០១៣ នៅគ្រាដែលមនុស្សចាស់ត្រឹមតែ២,៤លាននាក់ក្នុងប្រទេសអាល្លឺម៉ង់ ប្រឈមនឹងហានិភ័យនៃភាពក្រីក្រ។
ហានិភ័យនៃភាពក្រីក្រត្រូវបានកំណត់ថា មានប្រាក់ចំណូលក្រោម ៦០ភាគរយ នៃមធ្យមភាគបន្ទាប់ពីអត្ថប្រយោជន៍សង្គម។
យោងតាមការិយាល័យស្ថិតិសហព័ន្ធបានឲ្យដឹងថា ចំនួនប្រជាជនវ័យចំណាស់របស់ប្រទេសអាល្លឺំម៉ង់ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបានកើនឡើងពី១២លាននាក់ក្នុងឆ្នាំ១៩៩១ ដល់១៨,៧លាននាក់ក្នុងឆ្នាំ២០២២ ហើយការផ្លាស់ប្តូរប្រជារាសាស្រ្តនេះមានន័យថា មនុស្សវ័យចំណាស់ឥឡូវនេះ ស្ថិតនៅចំណែកមួយកាន់តែច្រើននៃចំនួនប្រជាជន។
បញ្ហានៃភាពក្រីក្ររបស់មនុស្សចាស់ បានធ្វើឱ្យមានការជជែកវែកញែកកាន់តែខ្លាំងអំពីកំណែទម្រង់សោធននិវត្តន៍នៅក្នុងប្រទេស ដោយគណបក្សនយោបាយអាល្លឺម៉ង់ បានបែងចែកយ៉ាងខ្លាំងទៅលើដំណោះស្រាយដែលមានសក្តានុពល។
យោងតាមសារព័ត៌មាន dpa បានផ្សាយថា ការផ្លាស់ប្តូរសំខាន់ៗទំនងជា មិនអាចកើតឡើងនៅមុនពេល បង្កើតរដ្ឋាភិបាលថ្មីនោះទេ។