ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយមជួបប្រជុំលក្ខណៈចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសណ្ឋាគារ Shinagawa Prince ក្នុងទីក្រុងតូក្យូ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំដ៏មានសារសំខាន់នេះគឺដើម្បីពិភាក្សាគ្នាលើកិច្ចការនិងសកម្មភាពដូចជា៖
១) របកគំហើញពីដំណើរទស្សនកិច្ចក្នុងបណ្តាខេត្តនៃប្រទេសជប៉ុននាពេលកន្លងមកនេះ
២)ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងពីរ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)
៣)រៀបចំផែនការយុទ្ធសាស្រ្ត និងគម្រោងការអនុវត្តបណ្តាអនុគម្រោងនៃគម្រោងដែលកំពុងដំណើរការអនុវត្ត មានដូចជា៖ គម្រោងកែលម្អវិស័យធារាសាស្រ្ត គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ គម្រោង CFAVC គម្រោង CAISAR និងគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាក្រោមហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)
៤)បើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស
៥)សុំការអនុម័តដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្នើសុំការអនុវត្តពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕