ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យ ឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Wang Zhenjiang និងសហការី មកកាន់ប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលកើតចេញពីការជឿទុកចិត្តគ្នា ការគោរពគ្នា និងការរួមសុខរួមទុក្ខជាមួយគ្នា ក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាទំនាក់ទំនងត្បូងពេជ្រ ជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីរបស់ប្រទេសទាំងពីរ ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់រវាងស្ថាប័នទាំងពីរ និងការបណ្តុះបណ្តាលសមត្ថភាពរបស់មន្រ្តីរាជការ ដែលទាំងនេះជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទន្ទឹមនឹងទំនាក់ទំនងដ៏ជិតស្និតក្នុងវិស័យសង្គម-សេដ្ឋកិច្ច និងវប្បធម៌, ការជួបពិភាក្សាក្នុងវិស័យច្បាប់ក៏ជាកិច្ចការសំខាន់មួយផងដែរសម្រាប់ស្វែងយល់ពីប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗឱ្យកាន់តែច្បាស់ សំដៅពង្រឹងទំនាក់ទំនង និងជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ជាពិសេស សម្រាប់អ្នកវិនិយោគ និងធុរជន។
ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងកម្ពុជា-ចិន មានតែសន្ធិសញ្ញាបត្យាប័នតែមួយគត់ ហើយនាពេលខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹមថាកម្ពុជា និងចិន គប្បីមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់បន្ថែមទៀត ដូចជា សន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមក្នុងវិស័យច្បាប់ និងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត ជាដើម ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតប, ឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅនូវដំណើរទស្សកិច្ចរបស់គណៈប្រតិភូចិនមកព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម Wang Zhenjiang បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់លោកជំទាវរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិនគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលឯកឧត្តមតែងតែគាំទ្រចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសាធារណប្រជាមានិតចិន។
ឯកឧត្តម Wang Zhenjiang ក៏បានឯកភាពផងដែរថា ទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេស ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាជាមិត្តពិតប្រាកដ និងស្មោះស្ម័គ្ររបស់ចិនយូរណាស់មកហើយ។
ឯកឧត្តម Wang Zhenjiang បានបន្ថែមថា ទំនាក់ទំនងល្អ និងរឹងមាំរវាងកម្ពុជា-ចិន ធ្វើឱ្យមានការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ និងការសិក្សាយល់ដឹងពីគ្នាឱ្យបានច្រើន។ ក្នុងន័យនេះ ឯកឧត្តម Wang Zhenjiang បានបង្ហាញនូវគោលជំហរដ៏រឹងមាំរបស់ក្រសួងយុត្តិធម៌ចិនក្នុងការបង្កើតយន្តការសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសនៅតំបន់មេគង្គ-ឡានឆាង។
មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយក្រសួងយុត្តិធម៌ត្រៀមលក្ខណៈជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិន ពាក់ព័ន្ធនឹងកិច្ចការងារនេះ។ ចំណែកឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕