គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។
ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ស្អែកនេះ ដោយមានរបៀបវារៈចំនួនបួន រួមមាន៖
១)ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។
២)ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៣)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៤)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕