លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៩នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ក្នុងខណៈពេលពិគ្រោះពិភាក្សាលើប្រធានបទ “ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រ”នៅក្នុងសន្និសីទដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល G20 លើកទី ១៩ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះដែលមានចំណងជើងថា “កសាងពិភពលោកមួយដ៏យុត្តិធម៌ដែលមានការអភិវឌ្ឍរួម” ។
លោក Xi Jinping បានលើកឡើងថា ដំណើរការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនបង្ហាញថា បញ្ហាភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍គឺអាចដោះស្រាយបាន។ ប្រការដែលប្រទេសចិនទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រគឺប្រកបដោយអត្ថន័យជាសកល។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនជាសមាជិកមួយនៃសកលខាងត្បូងជាប់រហូតនិងជាដៃគូសហប្រតិបត្តិការយូរអង្វែងដែលអាចជឿទុកចិត្តបាននៃប្រទេសកំពុងអភិវឌ្ឍន៍ ជាអ្នកចូលរួមយ៉ាងសកម្មនិងជាអ្នកអនុវត្តជាក់ស្តែងក្នុងការគាំទ្រដល់ការអភិវឌ្ឍសកល ហើយមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវទំនើបកម្ម។
លោក Xi Jinping បានប្រកាសពីប្រតិបត្តិការចំនួន ៨ របស់ប្រទេសចិន ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាសកលក្នុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ។
ទី ១ រួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ បន្តកសាងបណ្តាញតភ្ជាប់គ្នាគ្រប់វិស័យ ចាត់ទុកផ្លូវសូត្របៃតងជាទិសដៅណែនាំនិងផ្តល់កម្លាំងចលករដល់ផ្លូវសូត្រឌីជីថល។ ទី២ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល កសាងឱ្យបានល្អនូវមជ្ឈមណ្ឌលស្រាវជ្រាវសកលខាងត្បូង ដើម្បីបន្តគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ទី៣ គាំទ្រការអភិវឌ្ឍរបស់អាហ្វ្រិក។ ទី៤ គាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង។ ទី៥ ប្រទេសចិន ប្រេស៊ីល អាហ្រ្វិកខាងត្បូង និងសហភាពអាហ្រ្វិក បានរួមគ្នាលើកឡើងនូវ “គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការបើកចំហផ្នែកវិទ្យាសាស្ត្រ ” ដើម្បីជំរុញសមិទ្ធផលច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាសកលឱ្យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សកលខាងត្បូង។ ទី ៦ គាំទ្រ G20 ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់សកលខាងត្បូង។ ទី៧ អនុវត្ត “ផែនការសកម្មភាពប្រឆាំងអំពើពុករលួយ”នៃ G20។ ទី ៨ ប្រទេសចិននឹងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធនិងយន្តការបើកចំហកម្រិតខ្ពស់ ដោយពង្រីកការបើកចំហជាឯកតោភាគីចំពោះប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានប្រកាសពីការផ្តល់ការអនុគ្រោះពន្ធសូន្យលើទំនិញនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ៕