បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល
កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស G20 លើកទី ១៩ បានប្រារព្ធធ្វើនៅទីក្រុង រីយ៉ូដឺចេណេរ៉ូនៃប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ខែវិច្ឆិកា ក្រោមប្រធានបទ”កសាងពិភពលោកដ៏យុត្តិធម៌និងភពផែនដីប្រកបដោយនិរន្តរភាព” ។ “យើងរំពឹងទុកថាប្រទេសចិននឹងបន្តបញ្ចេញមតិសំខាន់ៗចំពោះការប្រមូលផ្តុំនូវគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍ គាំទ្រកិច្ចសហប្រតិបត្តិការពហុភាគីនិងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពិភពលោកទាំងមូល” “យើងរំពឹងទុកថា ប្រទេសចិននឹងបន្តជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកលដែលមានភាពកាន់តែយុត្តិធម៌និងប្រកបដោយលក្ខណៈបរិយាប័ន្ន ។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ មជ្ឈដ្ឋានមតិអន្តរជាតិបាននាំគ្នាសម្តែងការរំពឹងទុកថា នៅក្នុងកិច្ចប្រជុំកំពូលក្រុង រីយ៉ូដឺចេណេរ៉ូនៃប្រទេសG20 ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីៗដល់ពិភពលោក ។
ក្នុងនាមជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចអន្តរជាតិ ប្រទេស G20 បានប្រមូលផ្តុំនូវអង្គភាពសេដ្ឋកិច្ចដ៏ជឿនលឿនសំខាន់ៗនិងអង្គភាពសេដ្ឋកិច្ចទីផ្សារងើបឡើងថ្មីលើពិភពលោកទាំងមូលដែលមានទំហំសេដ្ឋកិច្ចសរុបប្រហែល៨៥ ភាគរយនិងចំនួនប្រជាជនពីរភាគបីនៃពិភពលោកទាំងមូល។ កាលពី ១៦ ឆ្នាំមុន ក្នុងគ្រាដ៏គន្លឹះបំផុតនៃវិបត្តិហិរញ្ញវត្ថុអន្តរជាតិ ការបើកធ្វើកិច្ចប្រជុំកំពូលនៃប្រទេស G20 បានជំរុញយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងជៀសវាងកុំឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងភាពថមថយខ្លាំងម្ដងទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេស G20 បានធ្វើបរិវត្តកម្មពីយន្តការឆ្លើយតបនឹងវិបត្តិទៅជាយន្តការអភិបាលកិច្ចរយៈពេលវែងជាបណ្តើរៗដែលបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោកឱ្យសម្រេចបាននូវកំណើនដ៏ខ្លាំងក្លាដែលប្រកបដោយនិរន្តរភាព តុល្យភាពនិងបរិយាប័ន្ន ។
នាពេលបច្ចុប្បន្ន ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជាវិបត្តស្បៀងអាហារនិងថាមពលជាដើម ឯកតោភាគីនិយមនិងការពារនិយមបានងើបឡើងវិញ ហើយឱនភាពអភិវឌ្ឍន៍បានកើនឡើងយ៉ាងច្បាស់លាស់ ។ ព្រមពេលជាមួយគ្នានេះ ប្រទេស”សកលខាងត្បូង”បានងើបឡើងវិញជាក្រុម ប៉ុន្តែសំឡេងនិងការទាមទាររបស់ពួកគេមិនត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិនាពេលបច្ចុប្បន្ននោះទេ ។ ក្នុងបរិបទបែបនេះ សហគមន៍អន្តរជាតិរំពឹងចង់ឮសំឡេងសម្រាប់ដោះស្រាយបញ្ហាយ៉ាងពិតប្រាកដ ហើយរំពឹងថា រដ្ឋសមាជិកនៃប្រទេស G20 នឹងបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនដើម្បីជំរុញការអភិវឌ្ឍសកលនិងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពតាមរយៈស្មារតីនៃទំនាក់ទំនងភាពជាដៃគូ ។
ការអភិវឌ្ឍគឺជាបញ្ហាចម្បងបំផុតសម្រាប់ប្រទេសណាមួយទាំងអស់ ។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេស G20 ប្រទេសចិនបានផ្តោតសំខាន់លើបញ្ហាអភិវឌ្ឍន៍ជាប់រហូតមក នេះគឺជាលក្ខណៈពិសេសដ៏លេចធ្លោមួយ ។ នៅក្នុងក្រុមការងារស្តីពី”ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាននិងភាពក្រីក្រ”ដែលបានបង្កើតឡើងតាមសំណើរបស់ប្រទេសប្រេស៊ីលដែលជាប្រធានផ្លាស់វេននៃកិច្ចប្រជុំកំពូលនៃប្រទេស G20លើកនេះ ប្រទេសចិនបានចែករំលែកនិងផ្លាស់ប្តូរគោលនយោបាយកាត់បន្ថយភាពក្រីក្រនិងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាច្រើនលើក ដែលជាសមាជិកដ៏រស់រវើកនិងលេចធ្លោបំផុតមួយ ។
គួរបញ្ជាក់ផងដែរថា ជានិច្ចកាល ប្រទេសចិនតែងតែសង្កត់ធ្ងន់ពីការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី ជាពិសេសគឺសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍបៃតង ។ ឧទាហរណ៍ដូចជា ការរំពឹងទុកដ៏សំខាន់របស់ប្រទេសចិនចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេស G20នៅឆ្នាំនេះ គឺ ត្រួសត្រាយសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល ហើយរំពឹងថា សមាជិកនៃប្រទេសG20 នឹងបន្តជំរុញការតភ្ជាប់ឌីជីថលប្រកបដោយគុណភាពខ្ពស់និងបង្កើតបរិយាកាសសេដ្ឋកិច្ចឌីជីថលដែលប្រកបដោយភាពបើកទូលាយ បរិយាប័ន្ននិងភាពមិនរើសអើង ។ លើសពីនេះទៅទៀត ប្រទេសចិនបានអំពាវនាវឱ្យជំរុញយ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យជាច្រើនដូចជាភាពបៃតងនិងកាបូនទាប ការការពារបរិស្ថាន ការធ្វើបរិវត្តកម្មថាមពលនិងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើម ។
អាចឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូលក្រុង រីយ៉ូដឺចេណេរ៉ូនៃប្រទេស G20 នៅឆ្នាំនេះគឺ មានភាពស៊ីសង្វាក់គ្នាជាមួយទស្សនៈអភិវឌ្ឍន៍និងគោលនយោបាយនិងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ។ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិននឹងរួមសហកាជាមួយបណ្តាភាគីនានា ដើម្បីស្វែងរកការអភិវឌ្ឍរួមនិងរួមគ្នាផ្តួចផ្តើមឱ្យមានពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន។ ពិភពលោកមានហេតុផលរំពឹងថា ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល ៕