មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ
ដាក្កា៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ មេដឹកនាំបណ្តោះអាសន្ន លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស និងសហរដ្ឋអាមេរិកដែលជាអ្នកបញ្ជាទិញ ផលិតផលសម្លៀកបំពាក់ដ៏ធំរបស់ខ្លួននោះ នឹងនៅតែរឹងមាំ ទោះបីជាមានការរិះគន់ពីប្រធាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ជុំវិញអំពើហិង្សាប្រឆាំងជនជាតិភាគតិចក៏ដោយ។
លោក Yunus បានប្រាប់កាសែតក្នុងស្រុកថា «គោលនយោបាយការបរទេស ជាធម្មតាមិនប្រែប្រួលទេ ពេលដែលប្រធានាធិបតីថ្មីមកកាន់តំណែង។ វាជាទំនាក់ទំនងដ៏ល្អមួយ ដែលយើង (បង់ក្លាដែស) បានកសាងរាប់ឆ្នាំមកហើយជាមួយសហរដ្ឋអាមេរិក។ ក្តីសង្ឃឹមរបស់យើង គឺថាវានៅតែបន្តរឹងមាំ»។
កាលពីចុងខែតុលា លោក ត្រាំ ធ្លាប់បង្ហោះសារលើបណ្តាញសង្គម X ដូច្នេះ «ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាព្រៃផ្សៃ ប្រឆាំងហិណ្ឌូ គ្រីស្ទាន ក៏ដូចជាជនជាតិភាគតិចដទៃទៀត ដែលកំពុងរងការវាយប្រហារ ឆក់ប្លន់ ពីក្រុមមនុស្សនៅបង់ក្លាដែស ខណៈដែលប្រទេសបន្តស្ថិតក្នុងភាពវឹកវរ»។
គួរបញ្ជាក់ថា ដោយឡែក ឥណ្ឌាដែលជាប្រទេសជិតខាង និងមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ គឺមានទំនាក់ទំនងវប្បធម៌ និងធុរកិច្ចខ្លាំងជាមួយបង់ក្លាដែស ហើយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Narendra Modi ក៏ធ្លាប់សម្តែងការព្រួយបារម្ភផងដែរ ជុំវិញការវាយប្រហារលើក្រុមអ្នកកាន់សាសនាហិណ្ឌូ៕