រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ
ភ្នំពេញ៖ នៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៦៧ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកទស្សនៈលើការដឹកនាំឱ្យបានល្អ ដោយជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាលប្រកាន់យកទម្លាប់ធ្វើការងារអ្វីត្រូវធ្វើដោយយកចិត្តទុកដាក់ ធ្វើដោយប្រាកដជាក់លាក់ ខិតខំធ្វើកិច្ចការអោយលើសពីអ្វីដែលខ្លួនគិតថាធ្វើបាន និងត្រូវធ្វើអ្វីៗឱ្យមានតម្លៃបន្ថែមទៅយន្តការដែលមានស្រាប់។
ជាកិច្ចបន្តឯកឧត្តមសាស្ត្រាក៍បានលើកយកខ្លឹមសារ នៃពាក្យកិច្ចសហការណ័ (Collaboration) និងពាក្យកិច្ចសហប្រតិបត្តិការណ័ (Cooperation) និងបង្ហាញពីសារៈសំខាន់របស់កិច្ចសហការ នៅក្នុងការងារដឹកនាំវិស័យសុខាភិបាល។
នៅក្នុងបទបាថកឋា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកសកម្មភាពចំបងក្នុងកិច្ចសហការ ដែលមាន៖ (១)ការចែករំលែកចំណេះដឹងនិងជំនាញ (២)ការដោះស្រាយបញ្ហា (៣) ការជំរុញអោយមានការចូលរួម និងការផ្សាភ្ជាប់រវាងគ្នានិងគ្នា (៤)ការសម្របគ្នាសំដៅឆ្ពោះទៅរកគោលដៅតែមួយ និង (៥)ការបង្កើតអោយមានលទ្ធផលដែលមានប្រសិទ្ធភាពនិងនិរន្តរភាព។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ “ការផ្តល់សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ”។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕