ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គលេខាធិការដ្ឋាន ជាច្រើននាក់ទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឡើងអានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន។
បន្ទាប់ពីស្តាប់របាយការណ៍ និងមតិយោបល់របស់សមាជិកនៃអង្គប្រជុំរួចមក ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍កោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ប្រកបដោយមនសិការវិជ្ជាជីវៈនិងស្មារតីទទួលខុសត្រូវខ្ពស់រហូតមានលទ្ធផលជាផ្លែផ្កាជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ៕