ក្រសួងអប់រំកម្ពុជា និងរដ្ឋាភិបាលកូរ៉េ រៀបចំពិធីជប់លៀងអាហារពេលល្ងាច នៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀន តំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំពិធីជប់លៀងអាហារពេលល្ងាច (Gala Dinner) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដៃគូអន្តរជាតិ និងភ្ញៀវកិត្តិយសផងដែរ។
កម្មវិធីនេះរួមមានការសំដែងទស្សនីយភាពសិល្បៈរបាំមួយចំនួន ដើម្បីញ៉ាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងកក់ក្ដៅ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងអធិកអធម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ លេខាធិការដ្ឋានសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀន គណៈប្រតិភូនៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ តំណាងមកពីស្ថាប័នរដ្ឋាភិបាល អង្គការអន្តរជាតិ និងភ្ញៀវកិតិ្តយសទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំកំពូលនេះ និងបានផ្តល់នូវធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងឧត្តមានុវត្តន៍ និងការដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីផ្តល់អាហារនៅតាមសាលារៀន ដែលជាកត្តាលើកកម្ពស់និងពន្លឿនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីពាក់ព័ន្ធ សំដៅជំរុញការអភិវឌ្ឍន៍មូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕