អាមេរិក ទទួលស្គាល់បេក្ខជនបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត នៃប្រទេសវ៉េណេស៊ុយអេឡា
វ៉ាស៉ីនតោន៖ កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនទទួលស្គាល់បេក្ខជនបក្សប្រឆាំង លោក Edmundo Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត នៃប្រទេសវ៉េណេស៊ុយអេឡា ពោលគឺ៤ខែ បន្ទាប់ពីការបោះឆ្នោត ដែលប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសជ័យជម្នះ ប៉ុន្តែបានរងការចោទប្រកាន់ថា មានការលួចបន្លំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ប្រជាជនវ៉េណេស៊ុយអេឡា បាននិយាយយ៉ាងច្បាស់បំផុត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយពួកគេបានសម្រេចជ្រើសរើសលោក Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោត។ លទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យមានការគោរពចំពោះឆន្ទៈរបស់ម្ចាស់សន្លឹកឆ្នោត»។
វាគឺជាលើកដំបូងបំផុត ដែលសហរដ្ឋអាមេរិក បានហៅលោក Gonzalez Urrutia ជាប្រធានាធិបតីជាប់ឆ្នោតបែបនេះ ប៉ុន្តែកន្លងមក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់និយាយថា លោក Gonzalez Urrutia គឺជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា ផងដែរ។
ក្រោយការបោះឆ្នោត លោក Maduro បានប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតនោះ ប៉ុន្តែបានរងសម្ពាធក្នុងស្រុកក៏ដូចជាអន្តរជាតិ ឱ្យបញ្ចេញតួលេខបោះឆ្នោតលម្អិតច្បាស់លាស់ ដើម្បីគាំទ្រការអះអាងរបស់លោក។ ទោះជាយ៉ាងណា ឥឡូវលោក Maduro កំពុងបន្តដឹកនាំប្រទេសសម្រាប់អាណត្តិទី៣ ជាធម្មតា។ ចាប់តាំងពីការបោះឆ្នោត លោក Gonzalez Urrutia បានរត់ភៀសខ្លួនទៅកាន់ប្រទេសអេស៉្បាញ។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil បានចេញមុខប្រតិកម្ម ចំពោះសេចក្តីថ្លែងការណ៍របស់លោក Blinken ហើយក៏បានរំលឹកផងដែរអំពី ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន កាលពីឆ្នាំ២០១៩ ចំពោះប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា នាពេលនោះ គឺលោក Juan Guaido ជាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ក្រោយការជាប់ឆ្នោតមានភាពចម្រូងចម្រាស របស់លោក Maduro កាលពីឆ្នាំ២០១៨៕