ប្រធានាធិបតី ហ្សេលេនស្គី ថាអ៊ុយក្រែននឹងបរាជ័យ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ី ប្រសិនបើអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែននឹងបរាជ័យ នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ី ប្រសិនបើសហរដ្ឋអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ នៅចំពោះមុខភាពមិនច្បាស់លាស់នៃការវិលត្រឡប់មកកាន់អំណាចជាថ្មី របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេ (សហរដ្ឋអាមេរិក) កាត់បន្ថយជំនួយយោធា ខ្ញុំគិតថាយើងនឹងត្រូវចាញ់។ យើងនឹងប្រយុទ្ធ ហើយយើងមាន អាវុធដែលយើងផលិតដោយខ្លួនឯង។ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេដើម្បីទទួលបានជ័យជម្នះ»។
គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាម្ដងហើយម្ដងទៀតថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនដោយប្រើពេលត្រឹម តែមួយថ្ងៃ នៅក្រោយពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅខែមករា ឆ្នាំ២០២៥។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើលោកបញ្ចប់សង្រ្គាម ដោយរបៀបណានោះទេ ប៉ុន្តែបានរិះគន់ទំហំនៃកញ្ចប់ជំនួយយោធាដែលរដ្ឋបាលលោក បៃដិន បានបញ្ជូនទៅឱ្យអ៊ុយក្រែន។