រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ
បន្ទាយមានជ័យ៖ នៅសាលប្រជុំ(ខ) សាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិនៅក្នុងខេត្តបន្ទាយមានជ័យ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កែ សួនសុភាព អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ ស្រុក ក្រុងទាំង០៩ ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា៖ចាប់ពីថ្ងៃទី០៩ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើបច្ចុប្បន្នភាព លើទីតាំងឱសថស្ថាននិងសិប្បកម្មផ្សេងៗតាមបណ្តាស្រុក ក្រុង ទាំង០៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយបានរកឃើញទីតាំងប្រកបអាជីវកម្មសរុបចំនួន៨៤៨ កន្លែង ក្នុងនោះមានច្បាប់ចំនួន៧៣១ន្លែង និងគ្មានច្បាប់ចំនួន១១៧កន្លែង ។ក្នុងចំណោមអាជីវកម្មដែលគ្មានច្បាប់ទាំង១១៧ កន្លែង មានអាជីវកម្មគ្មានច្បាប់ចំនួន២ប្រភេទ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពនិងមានហានីភ័យខ្ពស់ដល់អ្នកប្រើប្រាស់ឬអ្នកមកទទួលសេវាផ្សេងៗ ។
លោកឧត្តមសេនីយ៍ ស្នងការរងបានបញ្ជាក់ថា៖ អាជីវកម្មដែលគ្មានច្បាប់២ប្រភេទនោះ មាន៖១/- ទីតាំងពិនិត្យព្យាបាលមាត់ ធ្មេញ ចំនួន២៩កន្លែង សមត្ថកិច្ចរកឃើញថា ម្ចាស់អាជីវកម្មទាំងនោះមិនមានជំនាញឯកទេសឬពុំបានសិក្សានៅសាលាឯកទេសនោះទេ (ចេះតៗគ្នាក្នុងត្រកូលគ្រួសារ)និងគ្មានលិខិតអនុញាតិនិងប្រើប្រាស់ស្លាកយីហោមិនត្រិមត្រូវតាមកម្រិតជំនាញជាក់ស្តែង ។២/-ទីតាំងសិប្បកម្មផលិតទឹកបរិសុទ្ធចំនួន៨កន្លែង សមត្ថកិច្ចបានរកឃើញថា មិនបានចុះបញ្ជីនិងគ្មានលិខិតអនុញាតិត្រិមត្រូវពីស្ថាប័នជំនាញ ។ ការផលិតមិនអនុលោមតាមស្តង់ដាកំណត់និង បរិស្ថានជុំវិញទីតាំងផលិតគ្មានអនាម័យ ទីតាំងតែ១ បែរផលិតទឹកបរិសុទ្ធដោយប្រើស្លាកយីហោច្រើនម៉ាក ព័ត៌មានលើសំបកដបមិនច្បាស់លាស់ គ្មានប្រភពទីតាំងជាក់លាក់និងគ្មានលេខទូរសព្ទទំនាក់ទំនង ។
ថ្លែងនាឱកាសនោះ លោក កែ សួនសុភាព អភិបាលរង ខេត្តបន្ទាយមានជ័៍យ កិច្ចប្រជុំនេះមានសារសំខាន់ណាស់ ដើម្បីឲ្យមានការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិនៅក្នុងខេត្តបន្ទាយមានជ័យ ពីមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាម្ចាស់ទីតាំងសិប្បកម្មទាំងនោះ ត្រូវតែគោរពតាមច្បាប់និងអាជីវកម្មរបស់ខ្លួនត្រូវផលិតទៅតាមស្តង់ដាដែលច្បាប់បានកំណត់ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ដល់សុខភាពនិងមានហានីភ័យខ្ពស់ដល់អ្នកប្រើប្រាស់ឬអ្នកមកទទួលសេវាផ្សេងៗ ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការពិភាក្សាផ្តល់ជាយោបល់ ដោយក្នុងនោះអង្គប្រជុំ បានស្នើសុំឲ្យបង្កើតក្រុមការងារចុះទៅពិនិត្យជាក់ស្តែង នៅទីតាំងសិប្បកម្មទឹកបរិសុទ្ធ ក៏ដូចជាទីតាំងព្យាលមាត់ ធ្មេញ ដែលគ្មានច្បាប់អនុញាតិ ទាំង១១៧កន្លែង និងជម្រុញឲ្យមានច្បាប់ត្រិមត្រូវ ចំពោះទីតាំងព្យាលមាត់ ធ្មេញ មិនមានជំនាញឯកទេសឬពុំបានសិក្សានៅសាលាឯកទេសនោះទេ (ចេះតៗគ្នាក្នុងត្រកូលគ្រួសារ)និងគ្មានលិខិតអនុញាតិ រួមទាំងប្រើប្រាស់ស្លាកយីហោមិនត្រិមត្រូវតាមកម្រិតជំនាញជាក់ស្តែង ស្នើសុំគោលការបញ្ឈប់ ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា៖ ចំពោះការបង្កើតក្រុមការងារចម្រុះ ចុះពិនិត្យនេះ លោកនឹងធ្វើសេចក្តីរាយការណ៍ជូនទៅឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្កើតក្រុមការងារចម្រុះ ចុះពិនិត្យរាល់ទីតាំង សិប្បកម្មដែលគ្មានច្បាប់ទាំងនោះ ៕