អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធអគាររដ្ឋបាលសង្កាត់ព្រែកជ្រៃ នៃក្រុងសំពៅពូន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ផ្ដល់សេវាលឿន រហ័សទាន់ចិត្ត និងប្រកបដោយឥរិយាបថល្អ។
ពិធីសម្ពោធនេះក៏មានការចូលរួមពីឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរក្រុងសំពៅពូន និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។
ឯកឧត្ដមអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា សមិទ្ធផលអគារអគាររដ្ឋបាលសង្កាត់ព្រែកជ្រៃ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះគឺជាសមិទ្ធផលថ្មីមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញភារកិច្ចរបស់មូលដ្ឋាន សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ជាកន្លែងសម្រាប់បំពេញកិច្ចការងារប្រកបដោយភាពងាយស្រួល សមរម្យ ប្រកបដោយផាសុខភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសាធារណជននានាមក ទទួលសេវារបស់រដ្ឋបាលសង្កាត់ ជាពិសេសគឺជាកន្លែងសម្រាប់តម្កល់ទុកដាក់ឯកសារផ្សេងៗប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ។
ឯកឧត្ដម គួច ចំរើន បានផ្ដាំផ្ញើក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា និងការពារនូវសមិទ្ធផលនានា ដែលសម្រេចបាននាពេលនេះ និងនាពេលកន្លងមកធានាដល់ការ ប្រើប្រាស់បានយូរអង្វែង។
លើសនេះ ឯកឧត្ដមអភិបាលខេត្ត បានជំរុញអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់លុបបំបាត់ឱ្យអស់នូវរាល់បទល្មើសនានា ដូចជាបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាដើម ជាពិសេសត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរំលឹកថា អគារសាលាសង្កាត់ព្រែកជ្រៃ ត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៥ ជាអំណោយរបស់ក្រសួងមហាផ្ទៃក្នុងគម្រោង ADB និងបានដំណើរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០១៨ ដោយសារការ បាក់ច្រាំងទន្លេ ដែលកើតមានជាបន្តបន្ទាប់ជាប់នៅនឹងអគារសាលាសង្កាត់នេះ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល បានសម្រេចសាងសង់អគារសាលាសង្កាត់ ព្រែកជ្រៃថ្មីមួយទៀត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវខេត្តលេខ១១០។
ក្រោយមកក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីច្រាំងទន្លេត្រូវបានសាងសង់ពីបេតុងយ៉ាងរឹងមាំប្រកបដោយគុណភាព និងក្រោមការចង្អុលបង្ហាញពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានសម្រេចឱ្យមានការជួលជុលកែលម្អគុណភាព និងសោភ័ណភាពអគារសាលាសង្កាត់ព្រែកជ្រៃទីតាំងចាស់នេះ ឱ្យដំណើរការឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ៕