ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ
បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹង កាលពីថ្ងៃអង្គារថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ប្រទេសថៃឡង់ដ៏ បានកត់ត្រាភ្ញៀវទេសចរបរទេស ជាង៣០,៥៦លាននាក់ ពោលគឺបានកើនឡើង២៩ភាគរយធៀបនឹងឆ្នាំមុន ដើម្បីបំពេញតាមគោលដៅពេញមួយឆ្នាំ នៃភ្ញៀវទេសចរបរទេស ចំនួន៣៦,៧លាននាក់ ។
ក្រសួងទេសចរណ៍ និងកីឡាថៃឡង់ដ៏ បានឲ្យដឹងថា ជាមួយនឹងការ មកដល់ចំនួន៥,៩៧លាននាក់ ភ្ញៀវទេសចរចិន បានបង្កើតទីផ្សារដ៏ធំបំផុត សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រហូតមកដល់ពេលនេះ បន្ទាប់មកគឺចំនួន៤,៣៦លាននាក់មកពីម៉ាឡេស៊ី និង ចំនួន១,៨២លាននាក់មកពីប្រទេសឥណ្ឌា ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញ ដោយក្រសួងខាងលើបានឲ្យដឹងថា គេរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀត នៃចំនួនភ្ញៀវទេសចរ នៅពេលរដូវកាលធ្វើដំណើរខ្ពស់បំផុត កាន់តែខិតជិតមកដល់ ជាពិសេសពីទីផ្សារ មកពីផ្លូវឆ្ងាយ ដោយសារតែការកើនឡើងនៃសមត្ថភាពហោះហើរ វិធានការណ៍ងាយស្រួលធ្វើដំណើររបស់រដ្ឋាភិបាល និងការផ្សព្វផ្សាយដែលជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ពង្រីកជើងហោះហើរទៅកាន់ប្រទេសថៃឡង់ដ៏ ។
ក្រសួងដដែលនេះបានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរកចំណូល បានប្រហែល ១,៤៣ពាន់ពាន់លានបាត ស្មើនឹងប្រហែល៤១,៤០ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដែលជាប្រាក់ចំណូលពីភ្ញៀវ ទេសចរអន្តរជាតិ គិតមកទល់ពេលនេះ ។ ព្រះរាជាណាចក្រមួយនេះកំពុងកំណត់គោលដៅចំណូលទេសចរណ៍ចំនួន៣,៥ពាន់ពាន់លានបាត ស្មើនឹងប្រហែល១០១.៣៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤នេះ ៕